Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ចូ បៃដិន ដាក់ការត្រួតពិនិត្យឡើងវិញ លើប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម នៅទូទាំងពិភពលោក ​​​​(Video inside)

23-02-2021 12:55

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវគេរាយការណ៍ថា បានដាក់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ឲ្យស្ថិតក្រោមការពិនិត្យពិច័យឡើងវិញ ខណៈរូបលោកកំពុងតែព្យាយាម វាយតម្លៃទៅលើវិសាលភាព នៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក នៅក្នុងសង្រ្គាមប្រឆាំងអំពើភេរវកម្ម ដែលបានអូសបន្លាយពេល ២០ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់ វែបសាយព័ត៌មាន The Daily Beast សេតវិមានបានបញ្ជាក់ថា លោក ចូ បៃដិន បានចេញគោលការណ៍ណែនាំ ស្តីពីការប្រើប្រាស់កម្លាំងយោធា និងប្រតិបត្តិការផ្សេងៗទាក់ទងសន្តិសុខជាតិ ដោយក្នុងនោះលោកបានផ្តោតជាសំខាន់លើ មធ្យោបាយវាយប្រហារដោយប្រើប្រាស់យន្តហោះដ្រូន និងប្រតិបត្តិការពិសេសដទៃទៀត ដែលសំដៅប្រឆាំងភេរវកម្ម។

គួរបញ្ជាក់ថា សង្រ្គាមប្រឆាំងអំពើភេរវកម្ម គឺជាយុទ្ធនាការយោធាអន្តរជាតិ ដែលត្រូវបានចាប់ផ្តើមឡើងដោយសហរដ្ឋអាមេរិក ក្រោយព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ គោលដៅចម្បងរបស់យុទ្ធនាការយោធានេះ គឺទៅលើក្រុមប្រដាប់អាវុធអ៉ីស្លាម ដូចជា ក្រុមអាល់កៃដា, ISIS និងតាលីបង់។ ជារឿយៗ ប្រតិបត្តិការនេះត្រូវគេហៅថា ជាសង្រ្គាមគ្មានទីបញ្ចប់ ដោយសារតែទោះបីជារយៈពេល ២០ឆ្នាំ បានកន្លងផុតទៅក៏ដោយ គេហាក់មិនទាន់មើលលក្ខខណ្ឌច្បាស់លាស់ ដែលនឹងអាចបិទបញ្ចប់សង្រ្គាមនេះឡើយ៕