(បាងកក)៖ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha នៅថ្ងៃចន្ទនេះបាននិយាយថា លោកប្រហែលជាស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជាមួយវ៉ាក់សាំង Sinovac របស់ចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលធ្វើឡើងនៅឯវិមានរដ្ឋាភិបាល លោកប្រាយុទ្ធបានបញ្ជាក់ថា វ៉ាក់សាំង Sinovac ជំហានដំបូងគ្រោងនឹងមកដល់ប្រទេសថៃ នៅថ្ងៃពុធសប្តាហ៍នេះ ដោយបន្ថែមថាលោកអាចនឹងស្ថិតក្នុងចំណោមមនុស្សដំបូងគេដែលត្រូវទទួលចាក់។ ចំណែកឯជំហានទី២ គ្រោងនឹងមកដល់នៅខែក្រោយ បន្ទាប់មកជំហានទី៣ នៅខេមេសា។
គួរបញ្ជាក់ថា យោងតាមអគ្គនាយកនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងលោក Obas Kankawenphung បានឲ្យដឹងថា ក្រុមមនុស្សដំបូងដែលនឹងទទួលបានចាក់វ៉ាក់សាំងទាំងនេះ គឺរួមមានបុគ្គលិកពេទ្យដែលមានទំនាក់ទំនងជិតស្និតជាមួយអ្នកជំងឺ COVID-19 និងអ្នកដែលមានជំងឺរ៉ាំរ៉ៃមួយចំនួន ព្រមទាំងមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំជាដើម៕