(បាងកក)៖ នៅថ្ងៃចន្ទនេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន៨៩ករណីថែមទៀត ដែលភាគច្រើនជារណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងស្ថានការណ៍ COVID-19 នៃរដ្ឋាភិបាលថៃ លោកស្រី អាភិសាម៉ៃ ស្រ៊ីរាំងសាន (Apisamai Srirangsan) បានគូសបញ្ជាក់ថា ក្នុងចំណោមករណីថ្មីៗទាំងនោះមាន ៧៣ករណីជាករណីឆ្លងក្នុងស្រុកផ្ទាល់ ខណៈ ១៦ករណីទៀតជាករណីនាំចូលពីក្រៅប្រទេស។
លោកស្រីបានបន្ថែមថា ករណីឆ្លងក្នុងស្រុកទាំងនោះរួមមាន ៣១ករណីត្រូវបានរកឃើញនៅខេត្តសាមុតសាខុន(Samut Sakhon) ១៨ករណីនៅខេត្តផាធុម ថានី(Pathum Thani ) ១១ ករណីនៅខេត្តតាក់(Tak) និងខេត្តផ្សេងៗទៀត ខណៈក្រុងបាងកកមិនបានរាយការណ៍អំពីករណីឆ្លងថ្មីនៅថ្ងៃចន្ទនេះទេ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លងសរុបនៃជំងឺ COVID-19 ចំនួន២៥,៥០៤ករណី ដោយករណីឆ្លងក្នុងស្រុកមានចំនួន ២២,៧៩២ករណី និង២,៧១២ករណីទៀតជាប្រភេទនាំចូល។ ក្នុងចំណោមនោះស្លាប់ ៨៣នាក់ និង ២៤,៣៦១នាក់៕