(រ៉ូម)៖ ក្រសួងការបរទេសអ៊ីតាលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំសាធារណរដ្ឋកុងហ្គោ និងប៉ូលីសយោធាម្នាក់ដែលធ្វើដំណើរជាមួយគាត់ ត្រូវបានគេបាញ់សម្លាប់នៅក្នុងការវាយប្រហារទៅលើក្បួនរថយន្ត នៃអង្គការសហប្រជាជាតិនៅភាគខាងកើតប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយរបស់ក្រសួងការបរទេសអ៊ីតាលីបាននិយាយថា លោក Luca Attanasio និងមន្ត្រីម្នាក់ត្រូវបានសម្លាប់នៅតំបន់ហ្គោម៉ា(Goma) ខណៈដែលពួកគេកំពុងធ្វើដំណើរក្នុងក្បួនរថយន្តនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅប្រទេសកុងហ្គោ»។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានឲ្យដឹងថា ការវាយប្រហារនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១០ព្រឹក(ម៉ោងនៅអ៊ីតាលី) នៅជិតទីប្រជុំជន Kanyamahoro។ ហើយការវាយប្រហារនេះទៀតសោត គឺជាផ្នែកមួយនៃការប៉ុនប៉ងចាប់ជំរិត។
ភ្លាមៗនេះ មិនទាន់មានព័ត៌មានលម្អិតពាក់ព័ន្ធនឹងហេតុការណ៍នេះនៅឡើយទេ៕