(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Boeing បានប្រកាសបញ្ឈរជើងយន្ដហោះប្រភេទ 777 របស់ខ្លួនចំនួន១២៨គ្រឿង នៅជុំវិញពិភពលោក ខណៈអាជ្ញាធរ និយ័តកម្មអាកាសចរណ៍ស៊ីវិលអាមេរិកកំពុងបើកការស៊ើបអង្កេតមួយលើយន្ដហោះប្រភេទនេះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ដែលបានផ្ទុះឆេះម៉ាស៊ីនផ្នែកខាងស្តាំ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមហ៊ុន Boeing បានគូសបញ្ជាក់ដូច្នេះថា៖ « ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង យើងសូមផ្ដល់អនុសាសន៍ឱ្យបញ្ឈរជើងយន្ដហោះប្រភេទ 777 បំពាក់ម៉ាស៊ីន ប្រាត អ៊ែន វីតនី ៤០០០ (Pratt & Whitney PW4000) ចំនួន៦៩គ្រឿង ដែលកំពុងបម្រើការ និង៥៩គ្រឿងទៀត កំពុងរក្សាទុកនៅក្នុងឃ្លាំង»។
យន្ដហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines បានផ្ទុះឆេះម៉ាស៊ីនផ្នែកខាងស្តាំ និងបានចុះចតដោយជោគជ័យ នៅឯអាកាសយានដ្ឋានអន្តរជាតិ ឌែនវើ (Denver International Airport)។
បើតាមក្រុមហ៊ុនអាកាសចរណ៍អាមេរិក United Airlines ជើងហោះហើរលេខ ៣២៨ របស់ខ្លួនដែលមានគោលដៅធ្វើដំណើរ ចេញពីទីក្រុង Denver នៃរដ្ឋ ខូឡូរ៉ាដូ (Colorado) ឆ្ពោះទៅកាន់ទីក្រុង ហូណូលូលូ (Honolulu) នៃរដ្ឋ ហាវ៉ៃ (Hawaii) បានជួបបញ្ហាផ្នែកម៉ាស៉ីនយន្តហោះ ក្រោយហោះឡើងបានបន្តិច ហើយក៏បានបកត្រឡប់មកកាន់ទីក្រុង Denver វិញដោយសុវត្ថិភាព។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បាននិងកំពុងបើកការស៊ើបអង្កេតមួយជុំវិញករណីនេះ ដោយផ្ដោតជាសំខាន់លើម៉ាស៊ីន Pratt & Whitney PW4000 ដែលមានបំពាក់លើយន្ដហោះ Boeing 777។ ក្រុមហ៊ុន United Airlines, Korean Air និងក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ធំចំនួន២ ក៏បានទទួលស្គាល់ផងដែរពីការបញ្ឈរជើងយន្ដហោះប្រភេទនេះ៦២គ្រឿង ដែលមានជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងម៉ាស៊ីនខាងលើ៕