(រ៉ង់ហ្គូន)៖ ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅក្នុងទីក្រុងរ៉ង់ហ្គូន ដែលមានប្រជាជនរស់នៅច្រើនបំផុត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពោះមុខការព្រមានពីយោធាថា នឹងធ្វើការបង្ក្រាបយ៉ាងក្តៅគគុក ប្រសិនបើក្រុមបាតុករទាំងនោះ នៅតែបន្តការប្រកូកប្រកាស ឲ្យមានការតវ៉ាទ្រង់ទ្រាយ ប្រឆាំងនឹងរដ្ឋាភិបាលយោធា ដែលបានឡើងកាន់អំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈនោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមប្រភពព័ត៌មាននៅមីយ៉ាន់ម៉ាផ្ទាល់បានឲ្យដឹងថា ក្រុមបាតុកររាប់ពាន់នាក់ បានប្រមូលផ្តុំគ្នានៅក្បែរស្ថានទូតអាមេរិក នៅក្នុងទីក្រុងរ៉ង់ហ្គូន បើទោះបីជាកងកម្លាំងប៉ូលិសមីយ៉ាន់ម៉ា និងរថយន្តយោធាសរុប ២០គ្រឿង ត្រូវបានដាក់ពង្រាយ ខណៈផ្លូវជុំវិញស្ថានទូតនោះត្រូវបានបិទក៏ដោយ។
ពេលនេះក្រុមបាតុករមីយ៉ាន់ម៉ា កំពុងតែបំផុសឲ្យប្រជាជនងើបឡើងតវ៉ា ទៅតាមគោលដៅមួយដែលត្រូវបានដាក់ឈ្មោះថា «បដិវត្តនិទាឃរដូវ ឬ Spring Revolution»។ អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ា បានចេញមុខព្រមានរួចទៅហើយ កាលពីថ្ងៃអាទិត្យម្សិលមិញ តាមរយៈកញ្ចក់ទូរទស្សន៍រដ្ឋ MRTV ថា កងកម្លាំងនឹងធ្វើការបង្ក្រាប ចំពោះក្រុមអ្នកដែលហ៊ានបង្កភាពអនាធិបតេយ្យ នៅក្នុងថ្ងៃចន្ទ ទី២២ ខែកុម្ភៈ។
នៅក្នុងសេចក្តីថ្លែងការណ៍ខាងលើនេះ យោធាមីយ៉ាន់ម៉ាក៏បានស្តីបន្ទោស ទៅលើក្រុមឧក្រិដ្ឋជន ដែលបានដុតបញ្ឆេះឲ្យមានបាតុកម្មបែបហិង្សា ជាហេតុដែលបានជំរុញឲ្យកងកម្លាំងធ្វើការបាញ់បង្ក្រាប។ បើតាមសារព័ត៌មានអន្តរជាតិនានា បាតុករ ០៣នាក់ហើយត្រូវបានបាញ់សម្លាប់ នៅអំឡុងការតវ៉ា ដែលបានផ្ទុះឡើងក្រោយព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ ដែលអន្តរជាតបានចាត់ទុកថា ជាអំពើរដ្ឋប្រហារដោយយោធានោះ។
ដោយឡែកសហរដ្ឋអាមេរិក ក៏បានអំពាវនាវសាជាថ្មីផងដែរ ឲ្យយោធាមីយ៉ាន់ម៉ា បញ្ឈប់ការប្រើអំពើហិង្សាទៅលើក្រុមបាតុករ, ដោះលែងអ្នកតវ៉ាទាំងអស់ ដែលកំពុងជាប់ឃុំខ្លួន, ទប់ស្កាត់ការវាយប្រហារលើក្រុមអ្នកសារព័ត៌មាន និងសកម្មជន ព្រមទាំងគោរពឆន្ទៈរបស់ប្រជាជន។
បន្ថែមពីខាងលើនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន (Antony Blinken) បានបង្ហោះសារលើគណនី Twitter លោកយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដែលប្រព្រឹត្តិអំពើហិង្សា ប្រឆាំងនឹងប្រជាជនមីយ៉ាន់ម៉ា នៅពេលពួកគេទាមទារឲ្យមានការស្តារឡើងវិញនូវរដ្ឋាភិបាល ដែលត្រូវបានបោះឆ្នោត តាមបែបប្រជាធិបតេយ្យ»៕