(វ៉ាស៉ីនតោន)៖ កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសផ្អាកការលក់សព្វាវុធដល់អារ៉ាប៊ីសាអូឌីត ប៉ុន្តែពេលនេះបែរជាកិច្ចព្រមព្រៀងមួយ ទើបតែបានកើតមានឡើង រវាងក្រុមហ៊ុនផលិតសព្វាវុធដ៏ល្បីរបស់អាមេរិក ឡក់ឃីដ ម៉ាទីន (Lockheed Martin) និងរាជាណាចក្រអារ៉ាប់មួយនេះទៅវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមហ៊ុនផលិតសព្វាវុធរបស់អារ៉ាប៊ីសាអូឌីត SAMI បានប្រកាសពីកិច្ចព្រមព្រៀងភាពជាដៃគូ ជាមួយក្រុមហ៊ុនអាមេរិក Lockheed Martin កាលពីថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ដើម្បីអភិវឌ្ឍសមត្ថភាព វិស័យការពារជាតិបន្ថែមទៀតរបស់ទីក្រុងរីយ៉ាដ។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនថ្មីមួយនឹងលេចរូបរាងឡើង ដើម្បីជួយពង្រឹងឧស្សហកម្មផលិតសព្វាវុធ របស់អារ៉ាប៊ីសាអូឌីត តាមរយៈការផ្ទេរបច្ចេកវិទ្យា និងចំណេះដឹង ព្រមទាំងការហ្វឹកហាត់អារ៉ាប៊ីតសាអូឌីត ឲ្យផលិតផលិតផល និងផ្តល់សេវាកម្មសម្រាប់កងកម្លាំងយោធារបស់ខ្លួន។
គួរបញ្ជាក់ថា អ្វីដែលគួរឲ្យកត់សម្គាល់ គឺកន្លងទៅក្នុងខែនេះលោក ចូ បៃដិន បានប្រកាសថា លោកបានសម្រេចបញ្ចប់ការគាំទ្រ ចំពោះសង្រ្គាមបង្ហូរឈាមនៅប្រទេសយេម៉ែន ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត ហើយផ្អាកគម្រោងលក់សព្វាវុធទាំងឡាយ ឲ្យទៅព្រះរាជាណាចក្រនេះ៕