(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឱ្យលោក គីម ជុងអ៊ុន ជិះយន្ដហោះពិសេស Air Force One ត្រលប់ទៅកូរ៉េខាងជើងវិញ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីឆ្នាំ២០១៩កន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
សារព័ត៌មាន BBC ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការបង្ហើបពីលោក ម៉ាត់ស៊ូ ផតធីងហ្កឺ (Matthew Pottinger) ជាអតីតទីប្រឹក្សារងផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។ បើតាមលោក Matthew លោក ដូណាល់ ត្រាំ បានដឹងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុនបានចំណាយពេលជាច្រើនថ្ងៃ ដើម្បីជិះរថភ្លើងពិសេស ចេញពីកូរ៉េខាងជើងទៅកាន់ទីក្រុងហាណូយ ដូច្នេះហើយទើបលោក ត្រាំ ស្នើជូនដំណើរលោក គីម ដោយជិះយន្ដហោះ Air Force One ត្រលប់ទៅកូរ៉េខាងជើងវិញ។ «ខ្ញុំអាចជូនអ្នកត្រលប់ទៅផ្ទះបាន ដោយប្រើពេលត្រឹមតែ ២ម៉ោងប៉ុណ្ណោះ បើសិនជាអ្នកចង់»។ នេះជាការលើកឡើងរបស់លោក ត្រាំ។
បើតាមលោក Matthew Pottinger លោក គីម ជុងអ៊ុន បានបដិសេធសំណើរបស់លោក ដូណាល់ ត្រាំ ដោយសុខចិត្តជិះរថភ្លើងពិសេស របស់លោកត្រលប់ទៅកូរ៉េខាងជើងវិញ៕