(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សហការជាមួយទីក្រុងប៉េកាំង ដើម្បីបើកកិច្ចសន្ទនា និងស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានបំផ្លាញក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០២១។
ការអំពាវនាវរបស់លោក វ៉ាង យី ធ្វើឡើងកំឡុងការថ្លែងសុន្ទរកថា ក្នុងវេទិកាមួយរៀបចំឡើងនៅឯទីក្រុងប៉េកាំង នៅថ្ងៃចន្ទនេះ។ លោកប្រមុខការទូតចិនបាននិយាយថា សកម្មភាពរបស់អតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ដើម្បីដាក់សម្ពាធ និងគាបសង្កត់ប្រឆាំងចិន បានបង្កជាការបំផ្លិចបំផ្លាញ យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងចិន និងសហរដ្អអាមេរិក ហើយលោកផ្ទាល់ក៏បានជំរុញផងដែរឱ្យទីក្រុងវ៉ាស៊ីនតោន លុបចោលការដំឡើងពន្ធលើទំនិញចិន ព្រមទាំងបោះបង់ចោលការគាបសង្កត់ ដោយគ្មានហេតុផលប្រឆាំងនឹងវិស័យបច្ចេកវិទ្យារបស់ចិន។
គួរបញ្ជាក់ថា បើតាមលោក វ៉ាង យី ចិនបានត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីស្ដារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ ប៉ុន្តែព្រមពេលជាមួយគ្នា លោកបានក្រើនរំលឹកសហរដ្ឋអាមេរិក ឱ្យគោរពផលប្រយោជន៍ស្នូលរបស់ចិន, បញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ក្នុងនោះរួមមានទីក្រុងហុងកុង និងកោះតៃវ៉ាន់ជាដើម៕