(សេអ៊ូល)៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃអាទិត្យនេះថា កូរ៉េខាងត្បូងនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer ចំនួន ១១៧,០០០ដូសដំបូងរបស់ខ្លួន ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួននៅថ្ងៃទី២៧ ខែកុម្ភៈ មួយថ្ងៃបន្ទាប់ពីប្រទេសមួយនេះ ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងលើកដំបូងរបស់ខ្លួន ជាមួយវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
ផែនការអំពាវនាវឲ្យមានការចាក់វ៉ាក់សាំងដល់មនុស្សជិត ១០លាននាក់ ដែលមានហានិភ័យខ្ពស់រួមមានបុគ្គលិកសុខាភិបាលជួរមុខ ក៏ដូចជាបុគ្គលិកមណ្ឌលថែទាំសុខភាពជាដើមនោះ គ្រោងនឹងបញ្ចប់ត្រឹមខែកក្កដា។
នាយករដ្ឋមន្រ្តីលោក Chung Sye-kyun បាននិយាយនៅក្នុងសុន្ទរកថាមួយ ដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន Yonhap ថា យុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca លើកដំបូងនឹងត្រូវចាប់ផ្តើមនៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ហើយយុទ្ធនាការចាក់វ៉ាក់សាំង Pfizer ត្រូវចាប់ផ្តើមនៅនៅថ្ងៃបន្ទាប់មួយថ្ងៃ។
លោក Chung បានគូសបញ្ជាក់ទៀតថា «នៅថ្ងៃទី២៦ ខែកុម្ភៈវ៉ាក់សាំង Pfizer ចំនួន ១១៧,០០០ដូសនឹងមកដល់ប្រទេសកូរ៉េខាងត្បូង ហើយវ៉ាក់សាំងទាំងនោះនឹងត្រូវផ្តល់ជូនបុគ្គលិកពេទ្យដែលកំពុងព្យាបាលអ្នកជំងឺ COVID-19 ដោយចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ»។
គួរបញ្ជាក់ថា ជាមួយគ្នានេះ អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយថា ពួកគេនឹងមិនប្រើវ៉ាក់សាំង AstraZeneca សម្រាប់មនុស្សដែលមានអាយុលើសពី ៦៥ឆ្នាំឡើយ រហូតដល់មានទិន្នន័យបញ្ជាក់ពីប្រសិទ្ធភាពច្រើនជាងនេះ។ ក្រៅពីក្រុមហ៊ុន AstraZeneca និង Pfizer ប្រទេសកូរ៉េខាងត្បូងក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Moderna, Novavax Johnson និង Johnson ផងដែរ៕