(ម៉ិកស៊ីកូ)៖ អាជ្ញាធរបានរាយការណ៍ថា ការដឹកជញ្ជូនវ៉ាក់សាំង COVID-19 ជំហានដំបូងពីក្រុមហ៊ុនចិន Sinovac បានមកដល់ទីក្រុងម៉ិកស៊ីកូហើយ កាលពីថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
ការមកដល់វ៉ាក់សាំងទាំងនេះ ក៏បានកើតឡើងប្រហែលមួយសប្តាហ៍បន្ទាប់ពីអាជ្ញាធរសុខាភិបាលនៃប្រទេសមុិកសុិក បានប្រកាសអនុញ្ញាតឲ្យប្រើវ៉ាក់សាំង Sinovac និង CanSino Biologics ក្នុងករណីបន្ទាន់។
ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសម៉ិកស៊ិកលោក Zhu Qingqiao បាននិយាយថា ការមកដល់នៃវ៉ាក់សាំងនេះបានកត់សម្គាល់នូវភាពជឿនលឿនថ្មី និងជោគជ័យសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា«ការមកដល់វ៉ាក់សាំងនេះបង្ហាញជាថ្មីម្តងទៀតថា ប្រជាជនចិននិងម៉ិកស៊ិកគឺជាបងប្អូននឹងគ្នា ហើយវាឆ្លុះបញ្ចាំងពីសារៈសំខាន់ដ៏អស្ចារ្យដែលចិនបានផ្តល់ចំពោះទំនាក់ទំនងចិន-ម៉ិកស៊ិក»។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសម៉ិកស៊ិកលោក Martha Delgado ដែលបានទៅទទួលវ៉ាក់សាំងផ្ទាល់បាននិយាយថា ទំនាក់ទំនងម៉ិកស៊ិក-ចិន ត្រូវបានពង្រឹងតាមរយៈឧទាហរណ៍ដ៏អស្ចារ្យ នៃកិច្ចសហការរវាងភាគីទាំងពីរ ចាប់តាំងពីការចាប់ផ្តើមជំងឺរាតត្បាត។
ទោះជាយ៉ាងណា នៅក្នុងរបាយការណ៍ដដែលនេះ មិនបានបញ្ជាក់ពីចំនួនដូស ដែលប្រទេសមុិកសុិកទទួលបានក្នុងជំហានទី១ នេះឡើយ៕