(បាងកក)៖ នៅថ្ងៃអាទិត្យនេះ អាជ្ញាធរសុខាភិបាលថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩២ករណីថែមទៀត ដែលភាគច្រើនជារណីឆ្លងក្នុងស្រុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើដែលត្រូវបានរាយការណ៍ មាន៨៦ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង០៦ករណីជាករណីឆ្លង ដែលនាំចូលមកពីក្រៅប្រទេស។ ករណីឆ្លងភាគច្រើនត្រូវបានរាយការណ៍ចេញពីខេត្តចំនួន៣ គឺខេត្ត Samut Sakhon, ខេត្ត Pathum Thani និងរាជធានីបាងកក។
គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លងសរុបនៃជំងឺ COVID-19 ចំនួន២៥,៤១៥ករណី ក្នុងនោះករណីឆ្លងក្នុងស្រុកមានចំនួន ២២,៧១៩ករណី និង២,៦៩៦ករណីទៀតជាប្រភេទនាំចូល។ ចំណែកចំនួនអ្នកស្លាប់វិញបានកើនដល់៨៣នាក់ ខណៈដែលអ្នកជាសះស្បើយ មាន ២៤,២៨៥នាក់ និង ១,០៤៧នាក់ទៀតកំពុងបន្តទទួលបានការព្យាបាល៕