(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទើបតែបានសម្រេចប្រកាសអាសន្នទ្រង់ទ្រាយធំនៅរដ្ឋតិចសាស់ ដើម្បីអនុញ្ញាតឲ្យរដ្ឋាភិបាលសហព័ន្ធរបស់អាមេរិក ផ្តល់ធនធាននិងជំនួយបន្ថែមប្រកបដោយប្រសិទ្ធភាព ដល់រដ្ឋភាគខាងត្បូងនេះ ដែលបាននិងកំពុងរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ធ្ងរ ដោយសារព្យុះព្រិលនិងស្ថានភាពអាកាសធាតុដ៏ត្រជាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
តាមរយៈការប្រកាសអាសន្នខាងលើ លោក បៃដិន បានបង្គាប់ឲ្យរដ្ឋាភិបាលសហព័ន្ធផ្តល់ការជ្រោមជ្រែង និងជំនួយដល់កិច្ចប្រឹងប្រែងរបស់អាជ្ញាធរប្រចាំរដ្ឋតិចសាស់ និងប្រចាំមូលដ្ឋាននៅតាមតំបន់ដែលបានរងផលប៉ះពាល់ ពីគ្រោះធម្មជាតិខាងលើ ដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ និងកំពុងតែបន្ត។
ការជួយគាំទ្រទាំងនោះ រួមមានការផ្តល់កន្លែងជ្រកកោនបណ្តោះអាសន្ន ការជួយជួលជុលលំនៅឋាន ការផ្តល់កញ្ចីសម្រាប់យកទៅទូទាត់ការខូចខាតទ្រព្យសម្បត្តិ ដែលពុំមានការធានារ៉ាប់រង ព្រមទាំងកម្មវិធីដទៃទៀត ដែលជួយប្រជាជននិងអាជីវករងើបឡើងវិញពីគ្រោះមហន្តរាយនេះ។ លោក បៃដិន បាននិយាយថា លោកគ្រោងទៅទស្សនកិច្ចរដ្ឋតិចសាស់សប្តាហ៍ក្រោយ ប៉ុន្តែលុះត្រាតែលោកអាចកំណត់ថា ការធ្វើទស្សនកិច្ចនោះមិនមែនបង្កផលលំបាកពីលើថែមទៀត ដល់អាជ្ញាធររដ្ឋតិចសាស់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះ ប្រជាជនអាមេរិកសរុបជាង១៤លាននាក់ ដែលរស់នៅរដ្ឋតិចសាស់ នៅតែពុំមានអគ្គិសនីប្រើប្រាស់ និងប្រឈមបញ្ហាខ្វះខាតទឹកស្អាត ដោយសារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានរងការប៉ះពាល់ធ្ងន់ធ្ងរ នៅក្រោមអាកាសធាតុដ៏ត្រជាក់ខ្លាំង៕