(គូឡាឡាំពួរ)៖ ម៉ាឡេស៉ីនៅថ្ងៃអាទិត្យនេះ ទើបទទួលបានវ៉ាក់សាំង COVID-19 ជាលើកដំបូង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមមន្រ្តីរដ្ឋាភិបាលម៉ាឡេស៉ី បានទទួលស្វាគមន៍ការមកដល់នៃវ៉ាក់សាំង COVID-19 ចំនួន ៣១២,៣៩០ដូស ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងដៃគូអាល្លឺម៉ង់របស់ខ្លួនគឺ BioNTech នៅអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងគូឡាឡាំពួរ។ យុទ្ធនាការចាក់វ៉ាក់សាំង នឹងត្រូវចាប់ផ្តើមនៅថ្ងៃពុធសប្តាហ៍នេះ មុនការគ្រោងទុកពីរថ្ងៃ ហើយនាយករដ្ឋមន្រ្តី Muhyiddin Yassin នឹងជាបុគ្គលដែលត្រូវទទួលការចាក់ដំបូងគេដដែល។
គួរបញ្ជាក់ថា ម៉ាឡេស៉ីធានាបានវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សរុបចំនួន៣២លានដូស ដែលនឹងមកដល់ជាបន្តបន្ទាប់។ ចំណែកនៅថ្ងៃទី២៦ ខែកុម្ភៈ វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ក៏នឹងត្រូវដឹកមកដល់ប្រទេសម៉ាឡេស៉ីផងដែរ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ ម៉ាឡេស៉ីធានាបានការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ចំនួន៦៦.៧លានដូស តាមរយៈកម្មវិធី COVAX ដែលដឹកនាំដោយអង្គការ WHO និងបានទិញវ៉ាក់សាំងពីក្រុមហ៊ុនចំនួន០៥៕