(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអាទិត្យនេះ ទើបតែបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ស្របពេលដែលយុទ្ធនាការចាក់វ៉ាក់សាំងក្នុងប្រទេសនេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃចន្ទ ទី២១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
សកម្មភាពទទួលការចាក់វ៉ាក់សាំងរបស់លោក Morrison ត្រូវបានចាក់បញ្ចាំងតាមកញ្ចក់ទូរទស្សន៍ ដើម្បីជួយបង្កើនទំនុកចិត្តចំពោះកម្មវិធីចាក់វ៉ាក់សាំងប្រឆាំង COVID-19 ដែលនឹងត្រូវចាប់ផ្តើមនៅទូទាំងប្រទេសអូស្រ្តាលី ពីថ្ងៃចន្ទស្អែកនេះតទៅ។ មនុស្សចំនួន៦០,០០០នាក់ ត្រូវគេរំពឹងថានឹងទទួលបានការចាក់វ៉ាក់សាំង ក្នុងសប្តាហ៍ដំបូង។
ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅក្នុងប្រទេសអូស្រ្តាលី នឹងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ប៉ុន្តែអូស្រ្តាលីក៏បានអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផងដែរ ខណៈវ៉ាក់សាំងក្រុមហ៊ុននេះ ត្រូវគេរំពឹងថានឹងចាប់ផ្តើមប្រើប្រាស់នៅខែក្រោយ។
គួរបញ្ជាក់ថា នៅត្រឹមកំឡុងដើមខែមីនាខាងមុខ អូស្រ្តាលីគ្រោងចាក់វ៉ាក់សាំងប្រជាជនឲ្យបានយ៉ាងហោច ៤លាននាក់។ មកទល់ពេលនេះ អូស្រ្តាលីបានកត់ត្រាអ្នកឆ្លង COVID-19 ចំនួន ២៨,៩២០នាក់ ក្នុងនោះមានមនុស្ស ៩០៩នាក់បានស្លាប់៕