(ម៉ូស្គូ)៖ រុស្ស៊ីបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការវ៉ាក់សាំង COVID-19 ទី៣របស់ខ្លួន មានឈ្មោះថា CoviVac បន្ទាប់ពីវ៉ាក់សាំង Sputnik V និង EpiVacCorona។ នេះបើតាមនាយករដ្ឋមន្ត្រីរុស្ស៊ី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក៏បានបញ្ជាក់បន្ថែមនៅក្នុងសេក្ដីថ្លែងការណ៍ដែរថារុស្ស៊ីកំពុងបង្កើនការផលិតវ៉ាក់សាំង ខណៈវ៉ាក់សាំង Sputnik V ច្រើនជាង១០លានដូស និងវ៉ាក់សាំង EpiVacCorona ៨០,០០០ដូស ត្រូវបានផលិតរួចរាល់ហើយ។ លោកបន្តទៀតថាវ៉ាក់សាំង CoviVac នឹងត្រូវបានផលិត ក្នុងពេលឆាប់ៗនេះ ដោយ១២០,០០០ដូសដំបូង នឹងមានវត្តមាននៅទីផ្សារនៅក្នុងស្រុកនៅពាក់កណ្ដាលខែមីនាខាងមុខនេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer គិតត្រឹមយប់ថ្ងៃសៅរ៍នេះ រុស្ស៊ីមានអ្នកឆ្លង COVID-19 ចំនួន ៤,១៥១,៩៨៤នាក់ ក្នុងនោះស្លាប់ ៨២,៨៧៦នាក់ និងជាសះស្បើយឡើងវិញ ៣,៦៩៧,៤៣៣នាក់៕