(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ កូនឧទ្ធម្ភាគចក្រដំបូងដែលមានឈ្មោះថា អ៉ីនជែនញូអ៉ីធី (Ingenuity) ទើបតែបានបញ្ជូនសញ្ញាដំបូងរបស់វា ក្រោយពីមេធំរបស់វាគឺ ភើសេវើរែនស៍ (Perseverance) ត្រូវបានបញ្ជាឲ្យចុះចតដោយជោគជ័យ នៅលើផ្ទៃភពអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ។
២៖ គ្រោះទឹកជំនន់ នៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បានបង្ខំឱ្យប្រជាជនច្រើនជាងមួយពាន់នាក់ ត្រូវជម្លៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ពួកគេជាបណ្ដោះអាសន្ន នៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរឧតុនិយមព្រមានថាអាកាសធាតុអាក្រក់ អាចនឹងបន្តកើតមានរហូតដល់សប្ដាហ៍ក្រោយ។
៣៖ សេតវិមានបាននិយាយថា ខ្លួនមិនមានគម្រោងអញ្ជើញប្រទេសរុស្ស៊ី ឱ្យចូលរួមជាមួយក្រុមប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿនទាំង ៧ ហៅកាត់ថា G7 វិញនោះទេ។
៤៖ ទីបំផុតនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា បានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងសភាជាតិនាថ្ងៃសៅរ៍នេះ ខណៈរដ្ឋាភិបាលរបស់លោក កំពុងរងការចោទប្រកាន់ថា គ្រប់គ្រងស្ថានការណ៍ COVID-19 មិនបានល្អ, ពុករលួយ និងរំលោភសិទ្ធិមនុស្ស។
៥៖ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួនបានវិលត្រឡប់ចូលរួមជាផ្លូវការ ក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញហើយ ដែលជាការពង្រឹងឡើងវិញនូវការប្រយុទ្ធប្រឆាំង នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) គ្រោងនឹងកាត់បន្ថយការបំភាយឧស្ម័នពុល ក្នុងទ្រង់ទ្រាយធំសម្រាប់រយៈពេល ០៣ទសវត្សរ៍ខាងមុខ។
៦៖ សហរដ្ឋអាមេរិកបានជំរុញជាថ្មីម្ដងទៀត ឱ្យមេដឹកនាំរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបញ្ចៀសអំពើហិង្សា និងប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អោង សាន ស៊ូ ជី វិញជាបន្ទាន់បន្ទាប់ពីការស្លាប់របស់បាតុករម្នាក់ បាននិងកំពុងបង្កការខឹងសម្បារកាន់តែខ្លាំង ប្រឆាំងនឹងរបបយោធា៕