(ប៉េកាំង)៖ ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះរាលដាលជាសកលមក យើងបានឃើញពីប្រតិកម្ម និងគោលនយោបាយខុសៗគ្នានៃប្រទេសទាំងឡាយ ពោលគឺប្រទេសចំនួនច្រើនបានតម្កល់ទុកប្រជាជនជាស្នូល តម្កល់ទុកអាយុជីវិតជាចម្បង ចំណែកប្រទេសមួយចំនួន តូចបានបណ្តែតបណ្តោយ ឱ្យប្រជាជនដើរចម្លងគ្នាពាសវាលពាសកាល ដោយអះអាងថាវានឹងបង្កើតជា “ភាពស៊ាំជាចង្កោម” ឬ “ភាពស៊ាំជាសមូហភាព”។
យ៉ាងណាមិញ យើងងាកមកមើលប្រទេសចិន ដែលមានករណីជំងឺកូវីដ-១៩ ផ្ទុះរីករាលដាលក្នុងទ្រង់ទ្រាយធំដំបូងបង្អស់ បានចាត់នូវវិធានការជាបន្ទាន់ បូករួមទាំងការបិទក្រុង និងបិទសហគមន៍ជាដើម។ ក្នុងអំឡុងពេលជាងមួយខែ នៃការប្រយុទ្ធតតាំងយ៉ាងលំបាកលំបិនជាមួយជំងឺឆ្លងដ៏កាចសាហាវ ដែលពុំធ្លាប់មានក្នុងមួយសតវត្សរ៍ សេដ្ឋកិច្ចចិនបានដាំក្បាលចុះ សកម្មភាពសង្គមត្រូវជាប់គាំង ជីវភាពប្រជាជនត្រូវរឹតត្បិត ក៏ប៉ុន្តែអ្វីទាំងនេះគឺធ្វើឡើងដើម្បីតែការពារសុវត្ថិភាព អាយុជីវិតរបស់ប្រជាពលរដ្ឋ ទោះបីជារងការចោទប្រកាន់ ឬសឹងតែមានការថ្កោលទោសដោយចេតនាអាក្រក់ ពីក្រុមមនុស្ស និងប្រទេសមួយចំនួនតូចថា ជាការ «បំបិទសិទ្ធិសេរីភាពប្រជាជន» ក៏ដោយ ។
ការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃជំងឺកូវីដ១៩ នៅប្រទេសចិនជាសញ្ញាប្រកាសអាសន្នមួយ ដល់បណ្តាប្រទេសនានាឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺឆ្លងនេះ ហើយប្រទេសចិនក៏បានព្យាយាមចែករំលែក ព័ត៌មានពាក់ព័ន្ធនិងចំណាត់ការរបស់ខ្លួន ជាមួយពិភពលោកតាមដែលអាចធ្វើទៅបាន។
ក៏ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយ គឺអ្នកដែលដើរចោទប្រកាន់គេ មិនបានត្រៀមខ្លួនសម្រាប់ការពារប្រជាពលរដ្ឋខ្លួន ពីជំងឺឆ្លងនោះទេ បែរជាយករឿងជំងឺឆ្លងមកធ្វើជាឧបករណ៍នយោបាយ ដើម្បីបំពេញមហិច្ឆតាស្មោកគ្រោករបស់ខ្លួនទៅវិញ ដែលបានបណ្តាលឱ្យកើតមានការរាតត្បាតជាសកល យ៉ាងឆាប់រហ័សហួសពីការនឹកស្មាន។
ជាក់ស្តែង យើងឃើញថាប្រទេសចិនជាអ្នកដែលបានយកឈ្នះលើជំងឺកូវីដ-១៩មុនគេបង្អស់លើពិភពលោក ហើយជាអង្គភាពសេដ្ឋកិច្ចតែមួយគត់ ដែលមានកំណើនវិជ្ជមានក្នុងឆ្នាំ២០២០។
យើងងាកមកមើលពីអំឡុងពេលជំងឺកូវីដ-១៩ បានផ្ទុះរាលដាលយ៉ាងខ្លាំងក្នុងប្រទេសចិន កាលនោះ ប្រទេសជាច្រើនបូករួមទាំងប្រទេសកម្ពុជាផង បានជួយប្រទេសចិនទៅតាមលទ្ធភាពរបស់ខ្លួន ដូចពាក្យស្លោកមួយឃ្លាដែលនិយាយថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»។
ក្រោយមក បន្ទាប់ពីស្ថានការណ៍រីករាលដាលបានធូរស្បើយបន្តិចក្នុងប្រទេសចិន ហើយប្រទេសជាច្រើនត្រូវបានយាយីដោយជំងឺកូវីដ-១៩ ជាការតបស្នងសងគុណវិញ ប្រទេសចិនបានជួយឧបត្ថម្ភសម្ភារៈវេជ្ជសាស្ត្រ និងម៉ាសដល់ប្រទេសដែលមានតម្រូវការ ដែលទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសជាមិត្ត។ ការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានអូសបន្លាយអស់រយៈពេលជាងមួយឆ្នាំហើយ អ្វីដែលប្រជាជនទូទាំងពិភពលោក រំពឹងទុកយ៉ាងអន្ទះសាបំផុត គឺការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីឱ្យជីវភាពរស់នៅនិងស្តារនូវអ្វីៗគ្រប់យ៉ាង ឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ។
ក្នុងន័យនេះ លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានផ្តួចផ្តើមឱ្យចាត់ទុកវ៉ាក់សាំង ជាផលិតផលសាធារណៈ ពោលគឺប្រទេសដែលមានសមត្ថភាពផលិតវ៉ាក់សាំង គួរចែកចាយជូនប្រទេសក្រីក្រ ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានតម្រូវការ ដែលស្របតាមគុណតម្លៃនៃទស្សនៈ សហគមន៍រួមសុខភាពរបស់មនុស្សជាតិ។
ដូចដែលយើងទាំងអស់គ្នាបានមើលឃើញហើយ បន្ទាប់ពីការអភិវឌ្ឍវ៉ាក់សាំង និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រទេសចិនបានធ្វើតាមពាក្យសន្យារបស់ខ្លួន ដោយសកម្មភាពជាក់ស្តែង តួយ៉ាងដូចជាការផ្តល់ជំនួយវ៉ាក់សាំង ដល់ប្រទេសកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ក្នុងនោះបូករួមទាំងប្រទេសកម្ពុជា ដែលជាមិត្តដែកថែបផងដែរ។
គិតមកទល់បច្ចុប្បន្ននេះ ប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៥៣ បានទទួលជំនួយវ៉ាក់សាំងចិនជាបន្តបន្ទាប់ និងប្រទេសចំនួន ២២ ទៀតបានបញ្ជាទិញវ៉ាក់សាំងរបស់ចិន។ ថ្នាក់ដឹកនាំនៃប្រទេសនានា ដែលបានទទួលជំនួយ ឬទិញវ៉ាក់សាំងពីប្រទេសចិន សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំងចិន។
តាមរយៈជំនួយវ៉ាក់សាំងរបស់ចិន យើងឃើញមានថ្នាក់ដឹកនាំ នៃប្រទេសជាច្រើនបានឱ្យតម្លៃខ្ពស់ ដោយបានអញ្ជើញទៅទទួលវ៉ាក់សាំងដោយផ្ទាល់ ក្នុងនោះក៏មានការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះមហាមិត្តចិនផងដែរ។ ក្រៅពីនេះ ប្រទេសចិនក៏បានផ្តល់វ៉ាក់សាំងចំនួន ១០លានដូសជូនដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោកសម្រាប់ការប្រើប្រាស់ ក្នុងករណីបន្ទាន់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលជាការសឱ្យឃើញពីគោលជំហរ ដ៏មោះមុតរបស់ចិន ក្នុងការពួតដៃគ្នាជាមួយប្រទេសនានា ដើម្បីបង្កើតសហគមន៍រួមជោគវាសនារបស់មនុស្សជាតិ។
ប្រឈមមុខនឹងជំងឺរាតត្បាតជាសកល ដែលជាសត្រូវរួមរបស់មនុស្សជាតិទាំងមូល កិច្ចសហប្រតិបត្តិការ និងការរួមសាមគ្គីគ្នាជាអាវុធដ៏ខ្លាំងក្លា និងមានប្រសិទ្ធភាពបំផុតសម្រាប់យើង យកឈ្នះលើសត្រូវឥតស្រមោលនេះ។ ការពិតជាច្រើនបានស្តែងឱ្យឃើញថា ការប្រកាន់ខ្ជាប់នូវសច្ចធម៌ និងគុណធម៌នឹងទទួលបាននូវការគាំទ្រ និងការគោរពពីមនុស្សទូទៅ មិនថាជាតិសាសន៍ ពណ៌សម្បុរ ភាសាឬវប្បធម៌ទីទៃគ្នាយ៉ាងណានោះទេ។
ជានិច្ចកាល ប្រទេសចិនដែលប្រកាន់យកទស្សនៈការទូតបែបសិទ្ធស្នាល ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងប្រកបដោយបរិយាប័ន្ន តែងតែបានរួមចំណែកយ៉ាងសកម្ម ចំពោះការគាំពារសន្តិភាព ស្ថិរភាព វិបុលភាពនិងវឌ្ឍនភាពរបស់ពិភពលោកជាប់រហូតមក ជាពិសេសបន្ទាប់ពីការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ពិភពលោកទាំងមូលបានមើលឃើញដោយផ្ទាល់ថា ប្រទេសចិនឈរនៅជាមួយពិភពលោកជានិច្ច៕
(អត្ថបទ៖ បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន តាំង ស៊ីឡេង)