(ប៉េកាំង)៖ ទំនាក់ទំនងរវាងចិន និងអឺរ៉ុបបោះជំហានទៅមុខ ផ្ទុយនឹងនិន្នាការក្នុង «យុគសម័យអាក្រក់បំផុត»។ លោក Charles John Huffam Dickens អ្នកនិពន្ធដ៏ល្បីល្បាញអង់គ្លេស មានពាក្យដ៏ល្បីមួយម៉ាត់ថា «នេះជាយុគសម័យល្អបំផុត ហើយក៏ជាយុគសម័យអាក្រក់បំផុតផងដែរ»។
រំលឹកឡើងវិញពីទំនាក់ទំនងរវាងចិន និងអឺរ៉ុបនៅឆ្នាំ២០២០ ពាក្យដ៏ល្បីនេះស្រដៀងគ្នានឹង គំនិតទស្សនៈវិជ្ជារបស់ជនជាតិចិនស្តីពីការ "ស្វែងរកកាលានុវត្តភាពក្នុងវិបត្តិ" ដែលបានចង្អុលបង្ហាញថា ទំនាក់ទំនងរវាងចិន និងអឺរ៉ុបកំពុងបោះជំហានទៅមុខ ផ្ទុយនឹងនិន្នាការនិង "ប្រែពីវិបត្តិក្លាយទៅជាឱកាស" ស្ថិតក្រោមបរិបទនៃការរីករាលដាលនៃជំងឺឆ្លង។
យោងតាមដំណឹងថ្មីបំផុតពីសហភាពអឺរ៉ុបបានឱ្យដឹងថា នៅឆ្នាំ២០២០ ប្រទេសចិនបានជំនួសសហរដ្ឋអាមេរិក ដែលបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុត របស់សហភាពអឺរ៉ុបជាលើកដំបូង។ យោងតាមទិន្នន័យបានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិនបានឡើងដល់ ៥៨.៦ប៊ីលានប្រាក់អឺរ៉ូនៅឆ្នាំ២០២០ ហើយទំហំនាំចេញនាំចូលសរុបបានសម្រេចបាន នូវកំណើនទាំងអស់។ ប្រព័ន្ធសារព័ត៌មានមួយចំនួនបានចង្អុលបង្ហាញថា សមត្ថភាពប្រើប្រាស់ដ៏ខ្លាំងក្លារបស់ចិន បានជំរុញការលក់ដូរផលិតផលអឺរ៉ុប ជាពិសេសគឺរថយន្ត និងទំនិញប្រណីត និងមានតម្លៃថ្លៃ ខណៈការនាំចេញរបស់ចិនបានទទួលផលប្រយោជន៍ ពីតម្រូវការដ៏ខ្លាំងក្លារបស់អឺរ៉ុប ចំពោះគ្រឿងបរិក្ខារវេជ្ជសាស្ត្រ និងផលិតផលអេឡិចត្រូនិករបស់ប្រទេសចិន។
ផ្ទុយទៅវិញ ទំហំពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំង។ នៅពេលមុននេះ សហរដ្ឋអាមេរិកជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់សហភាពអឺរ៉ុបជាប់រហូត ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ប្រទេសចិនបានជំនួសសហរដ្ឋអាមេរិក ដែលបានក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់សហភាពអឺរ៉ុប ប្រការនេះបានឆ្លុះបញ្ចាំងពីការកើនឡើង នៃកម្លាំងឥទ្ធិពលរបស់សេដ្ឋកិច្ចចិន។
ដោយរងការវាយប្រហារពីការរីករាលដាល នៃជំងឺកូវីដ១៩ ជំនឿចិត្តក្នុងកិច្ចសហប្រតិបត្តិការផែ្នកពាណិជ្ជកម្មជាសកល ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទាំងពីរ នៅលើពិភពលោក ប្រទេសចិន និងសហភាពអឺរ៉ុបនៅតែសម្រេចបាន នូវកំណើនពាណិជ្ជកម្មដដែល ដែលប្រការនេះមិនត្រឹមតែមានអំណោយផល ដល់ការស្តារជំនឿចិត្តក្នុងការធ្វើពាណិជ្ជកម្ម នៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងក៏ជាសញ្ញាវិជ្ជមានធំមួយ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចផងដែរ។
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចរវាងចិន និងសហភាពអឺរ៉ុបមានភាពកាន់តែស្អិតល្មួត រដ្ឋសមាជិកសហភាពអឺរ៉ុបដូចជា អាល្លឺម៉ង់ និងបារាំងជាដើមក៏បានស្វែងរកឱកាស សហប្រតិបត្តិការជាមួយប្រទេសចិនផងដែរ។ រដ្ឋជាច្រើននៅភាគខាងជើងនៃប្រទេសអាល្លឺម៉ង់ រំពឹងទុកឆ្លៀតយកឱកាសសហប្រតិបត្តិការ នៃកិច្ចព្រមព្រៀងវិនិយោគរវាងចិន និងអឺរ៉ុបដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច ជាមួយចិន។ បារាំងក៏រំពឹងថា នឹងបន្តបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនលើបញ្ហាសកល និងតំបន់សំខាន់ៗ ដូចជាបម្រែបម្រួលអាកាសធាតុ សុខាភិបាលសាធារណៈ និងកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិកជាដើម។
ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងទៅនេះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមានការខ្វែងគំនិតគ្នាឥតឈប់ឈរ សហរដ្ឋអាមេរិកបានគិតពិចារណា តែផលប្រយោជន៍ផ្ទាល់ខ្លួន។ អាចនិយាយបានថា កិច្ចសហប្រតិបត្តិការរវាងអាមេរិក និងអឺរ៉ុបបាននិងកំពុងធ្លាក់ ទៅក្នុងភាពលំបាកលំបិន ហើយសហភាពអឺរ៉ុបកែសម្រួលទំនាក់ទំនង សហប្រតិបត្តិការជាមួយក្រៅប្រទេសរបស់ខ្លួន គឺជារឿងសមហេតុសមផល៕