(ហ្សាការតា)៖ គ្រោះទឹកជំនន់ នៅតាមតំបន់ជាច្រើនក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី បានបង្ខំឱ្យប្រជាជនច្រើនជាងមួយពាន់នាក់ ត្រូវជម្លៀសខ្លួនចេញពី ផ្ទះសម្បែងរបស់ពួកគេជាបណ្ដោះអាសន្ន នៅថ្ងៃសៅរ៍នេះ ខណៈអាជ្ញាធរឧតុនិយមព្រមានថាអាកាសធាតុអាក្រក់ អាចនឹងបន្តកើតមានរហូតដល់សប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
បើតាមប្រធានស្ដីទីនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក Sabdo Kurnianto ប្រជាជនរដ្ឋធានីហ្សាការតា ១,៣៨០នាក់ត្រូវបានជម្លៀសចេញពី តំបន់ភាគខាងត្បូង និងភាគខាងកើតនៃរដ្ឋធានី ដែលមានប្រជាជនសរុប ១០លាននាក់រស់នៅ បន្ទាប់ពីកម្ពស់ទឹកជំនន់បង្កឡើងដោយភ្លៀងមូសុង ហក់ឡើងដល់ ១.៨ម៉ែត្រ នៅតាមតំបន់មួយចំនួន។ លោក Kurnianto ក៏បានបញ្ជាក់ដែរថាបច្ចុប្បន្ន មិនទាន់មានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់ខាងលើ កើតមានឡើងនៅចំពេល ប្រទេសឥណ្ឌូណេស៊ី កំពុងតស៊ូប្រយុទ្ធជាមួយ COVID-19 ដោយបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច នៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ដែលមានអ្នកស្លាប់ និងឆ្លង COVID-19 ច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕