(បាងកក)៖ ទីបំផុតនាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា បានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅក្នុងសភាជាតិនាថ្ងៃសៅរ៍នេះ ខណៈរដ្ឋាភិបាលរបស់លោក កំពុងរងការចោទប្រកាន់ថា គ្រប់គ្រងស្ថានការណ៍ COVID-19 មិនបានល្អ, ពុករលួយ និងរំលោភសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រៅពីលោក ប្រាយុទ្ធ រដ្ឋមន្ត្រីថៃ ០៩រូបផ្សេងទៀត ក៏បានរួចខ្លួនពីការបោះឆ្នោត ដកសេចក្ដីទុកចិត្តផងដែរ។ នេះគឺជាលើកទីពីរហើយ ដែលលោក ប្រាយុទ្ធ និងរដ្ឋមន្ត្រីរបស់លោក រួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្តក្នុងសភាជាតិ ចាប់តាំងពីលោកឡើងកាន់អំណាច ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩។ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រីរូបនេះ និងរដ្ឋមន្ត្រី ០៥រូបទៀត បានយកឈ្នះយ៉ាងងាយ នៅក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្តបែបនេះ។
គួរបញ្ជាក់ថា នៅក្នុងចំណោមសមាជិកសភាសរុប ៤៨៧រូប មាន ២៧៧រូបមកពីគណបក្សចម្រុះ ដែលកំពុងកាន់អំណាចរបស់លោក ប្រាយុទ្ធ ខណៈ ២១០រូបទៀតមកពីគណបក្សប្រឆាំង។ ដើម្បីដកសេចក្ដីទុកចិត្តពី នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី សភាតម្រូវឱ្យមានសំឡេងបោះឆ្នោតភាគច្រើនធម្មតា ឬ ២៤៤សំឡេងឡើងទៅ។ ប៉ុន្តែនៅក្នុងការបោះឆ្នោតនៅថ្ងៃសៅរ៍នេះ លោក ប្រាយុទ្ធ ទទួលបានសំឡេងគាំទ្រ ២៧២ ទល់នឹង ២០៦នៃសំឡេងដកសេចក្ដីទុកចិត្ត រីឯ ០៣រូបទៀត មិនបានធ្វើការបោះឆ្នោត៕