(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាសម្ព័ន្ធភាពអន្តរអាត្លង់ទិច ឬ NATO បានត្រឡប់មកវិញហើយ ខណៈរដ្ឋបាលរបស់លោកកំពុង ព្យាយាមស្ដារទំនាក់ទំនងជាមួយអឺរ៉ុប និងភាពជាមេដឹកនាំប្រជាធិបតេយ្យលោកខាងលិចរបស់សហរដ្ឋអាមេរិកឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយតាមប្រព័ន្ធអនឡាញ ទៅកាន់សន្និសិទសន្តិសុខប្រចាំឆ្នាំទីក្រុងមុយនិច នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំសូមផ្ញើសារទៅកាន់ពិភពលោកថាសហរដ្ឋអាមេរិកត្រឡប់មកវិញហើយ រីឯសម្ព័ន្ធភាពអន្តរអាត្លង់ទិច ក៏បានត្រឡប់មកវិញដែរ។ សហរដ្ឋអាមេរិកបានប្ដេជ្ញាចិត្តចូលរួមជាមួយអឺរ៉ុប ប្រឹក្សាយោបល់ជាមួយអ្នក និងស្ដារភាពជាមេដឹកនាំគួរឱ្យទុកចិត្តរបស់យើងឡើងវិញ»។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ចូ បៃដិន ទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសំណាក់អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺគែល សម្រាប់ការវិលត្រឡប់ មកកាន់ប្រព័ន្ធពហុភាគីជាថ្មីរបស់ សហរដ្ឋអាមេរិក បន្ទាប់ពីលោកស្រី តឹងសសៃកជាមួយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អស់ជាច្រើនឆ្នាំមកនេះ៕