(មីយ៉ាន់ម៉ា)៖ ការនាំចូលប្រេងឥន្ធនៈរបស់មីយ៉ាន់ម៉ា បានជាប់គាំង ដោយសារតែការប្រឆាំងតវ៉ា ទៅនឹងការធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី១ ខែកុម្ភៈ បានធ្វើឲ្យមានការបិទធនាគារ និងការិយាល័យរដ្ឋាភិបាល សម្រាប់ការធ្វើពាណិជ្ជកម្មសំខាន់ៗ, ខណៈរូបិយវត្ថុរបស់ជាតិ មានការធ្លាក់ចុះ បានធ្វើឲ្យការចំណាយមានការកើនឡើង, នេះបើតាមសារព័ត៌មាន CNA ចុះផ្សាយនាយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ប្រទេសមីយ៉ាន់ម៉ា ពឹងផ្អែកយ៉ាងខ្លាំង ទៅលើការនាំចូលប្រេងសាំង និងប្រេងម៉ាស៊ូត ដោយសារតែរោងចក្រចម្រាញ់ប្រេង នៅតូចនិងចាស់ ដើម្បីបំពេញតំរូវការប្រេងរបស់ខ្លួន។ ប្រភពមួយក្នុងចំណោមប្រភពជាច្រើន បាននិយាយថា ការនាំចូលអាចមានចំនួន៩៨ភាគរយ នៃការប្រើប្រាស់ប្រេងឥន្ធនៈរបស់មីយ៉ាន់ម៉ា។
ប្រភពបានឲ្យដឹងថា «សេដ្ឋកិច្ច គឺស្ទើរតែជាប់គាំង ខណៈក្រសួងរបស់រដ្ឋាភិបាលស្ទើរតែទាំងអស់ ត្រូវបានបិទទ្វារ»។ «ការផ្គត់ផ្គង់ប្រេងឥន្ធនៈ មានចំនួនតិច ហើយប្រទេសនេះ អាចនឹងអស់ប្រេង នៅរយៈពេល២ខែទៀត»៕