(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃុក្រនេះបាននិយាយថា មនុស្សវ័យចំណាស់ដែលមានអាយុលើសពី ៧០ឆ្នាំឡើង នឹងទទួលបានលិខិតអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងរយៈពេល ៣សប្តាហ៍ទៀត។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកម្ភៈ ឆ្នាំ២០២១។
នៅក្នុងសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងរយៈពេល ៣សប្តាហ៍ខាងមុខនេះ អ្នកដែលមានអាយុលើសពី ៧០ឆ្នាំ ត្រូវបានគេរំពឹងថានឹងទទួលបាន «លិខិតផ្ទាល់ខ្លួន» ដែលបានអញ្ជើញពួកគេឲ្យចុះឈ្មោះ សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅសប្តាហ៍ដំបូងនៃខែមីនា។
សេចក្តីថ្លែងការណ៍ដដែលនេះ បានសង្កត់ធ្ងន់ថា «យើងរំពឹងថា រាល់លិខិតទាំងអស់ នឹងទៅដល់មនុស្សវ័យចំណាស់របស់យើងដែលមានអាយុ ៧០ឆ្នាំឡើង នៅសប្តាហ៍ដំបូងនៃខែមីនា...បន្ទាប់ទៀតមនុស្សវ័យចំណាស់ដែលមានអាយុ ៦០ ទៅ ៦៩ឆ្នាំ នឹងទទួលបានលិខិតអញ្ជើញនៅពាក់កណ្តាលខែមីនា ខណៈដែលការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមពីចុងខែមីនា»។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរី បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ដំបូងជូនប្រជាពលរដ្ឋរបស់ខ្លួន ដែលជាបុគ្គលិកសុខាភិបាលជួរមុខ កាលពីថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០មកម្លេះ។ សិង្ហបុរី គឺជាប្រទេសទី១ នៅតំបន់អាស៊ី ដែលបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនរបស់ខ្លួន។ បើទោះបី មិនបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ខ្លួន ពីប្រភេទវ៉ាក់សាំង ដែលត្រូវចាក់ជូនប្រជាជនរបស់ខ្លួនដែលមានអាយុលើសពី ៧០ឆ្នាំខាងលើក៏ដោយ ក៏ប៉ុន្តែគេដឹងច្បាស់ថា គឺជាវ៉ាក់សាំងដែលផលិតឡើងដោយក្រុមហ៊ុន Pfizer-BioNTech។ ថ្បិតថា ប្រទេសមួយនេះ គឺជាប្រទេសទី១ នៅអាស៊ីដែលបានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer-BioNTech ហើយយន្តហោះដឹកជញ្ជូនវ៉ាក់សាំងនេះជំហានទី១ បានមកដល់ប្រទេសអាស៊ីមួយនេះ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ៕