(យូអិន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសលុបចោលការដាក់ទណ្ឌកម្មឡើងវិញ របស់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លើប្រទេសអ៊ីរ៉ង់ ដែលជាសេចក្តីប្រកាសមួយ អាចជួយទីក្រុងវ៉ាស៊ីនតោនឆ្ពោះទៅរក កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក្នុងគោលបំណងទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់តាមផែនការដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
ឯកអគ្គរដ្ឋទូតស្តីទីសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោក រីឆាដ មៀលស៍ (Richard Mills) តាំងនាមឲ្យលោក ចូ បៃដិន បានផ្ញើលិខិតមួយទៅកាន់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយគូសបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចលុបចោលវិញ នូវលិខិតចំនួន ០៣ របស់រដ្ឋបាលអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅនេះ ដែលបានសម្រេចដាក់ទណ្ឌកម្មរបស់ UN ឡើងវិញទៅលើទីក្រុងតេហេរ៉ង់។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ ឬគេស្គាល់ថា JCPOA កាលពីឆ្នាំ២០១៨ ដោយបានចោទថា ទីក្រុងតេហេរ៉ង់បានបំពាន និងមិនបានអនុវត្តតាមកិច្ចព្រមព្រៀងនេះ។ ប៉ុន្តែលោក ចូ បៃដិន ធ្លាប់បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានបំណង ចូលរួមក្នុងកិច្ចព្រមព្រៀងនេះឡើងវិញ ហើយក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ក៏បានប្រកាសផងដែរថា អាមេរិកនឹងទទួលយកការអញ្ជើញពីសហភាពអឺរ៉ុប ដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពីសំណាក់ បណ្តាប្រទេសជាហត្ថលេខី នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ រុស្ស៊ី ចិន និងអ៉ីរ៉ង់ផ្ទាល់៕