(អាមេរិក)៖ នៅវេលាម៉ោង ៤៖០០នារសៀល (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវនឹងម៉ោង ៤៖០០នាទីទាបភ្លឺ (ម៉ោងនៅភ្នំពេញ) គ្រឿងយន្តស្រាវជ្រាវភពអង្គារថ្មី ភើសេវើរែនស៍ (Perseverance) របស់អង្គការ NASA បានបុកទម្លុះបរិយាកាសភពអង្គារ ដោយប្រើរយៈពេលប្រមាណជា ៧នាទី ហើយក្រោយមកកង់ទាំង ០៦របស់វាក៏បានប៉ះនឹងដីភពអង្គារ ប្រកបដោយជោគជ័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space.com នាព្រឹកថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។
អង្គការ NASA បានចំណាយថវិការហូតដល់ទៅ ២.៧៥ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍ និងផលិតចេញជាបេសកកម្មស្រាវជ្រាវភពអង្គារថ្មី ដោយក្នុងនោះមាន គ្រឿងយន្តរ៉ូបូតខ្នាតធំមួយគ្រឿង (Rover ទម្ងន់ជាង ១,០០០គីឡូក្រាម) សម្រាប់ចល័តលើផ្ទៃភពអង្គារមានឈ្មោះថា Perseverance និងឧទ្ធម្ភាគចក្រខ្នាតតូចមួយគ្រឿងទៀតឈ្មោះ អ៉ីនជែនញូអ៉ីធី (Ingenuity តែឯងមានតម្លៃអភិវឌ្ឍ និងផលិតសរុប ៨៥លានដុល្លារ)។
និយាយជារួមតម្លៃ ២.៧៥ពាន់លានដុល្លារនេះ គឺគិតទៅលើគម្រោងអភិវឌ្ឍ បេសកកម្ម Perseverance ទាំងមូលតែម្តង ដោយមានរយៈពេលសរុប ១១ឆ្នាំ ក្នុងនោះ ២.២ពាន់លានដុល្លារត្រូវបានចំណាយទៅលើដំណើរការអភិវឌ្ឍ និងផលិតចេញជាគ្រឿងបរិក្ខា-ម៉ាស៊ីន, ២៤៣លានដុល្លារត្រូវបានចំណាយទៅលើ សេវាកម្មបាញ់បង្ហោះ និង ២៩១លានដុល្លារទៀតទុកសម្រាប់ចំណាយ លើការគ្រប់គ្រងបេសកកម្មបន្ត ដែលមានរយៈពេល ២ឆ្នាំកន្លះ។
Perseverance មានតួនាទីស្រាវជ្រាវដុំថ្មភពអង្គារ ដើម្បីរកមើលម៉ូលេគុលហ្វូស៊ីល ដែលអាចជាភស្តុនៃជីវិតកាលពីអតីតកាល នៅលើភពអង្គារ ព្រមទាំងធ្វើការសិក្សាអំពីដាន នៃបរិយាកាសកាលពីអតីតកាល និងអំពីបរិស្ថានភូមិសាស្ត្រភពអង្គារបន្ថែមទៀត នៅក្នុងរណ្តៅ ឬអតីតបឹងឈ្មោះ ចេហ្សេរ៉ូ (Jezero) ដែលមានមុខកាត់ ៤៥គីឡូម៉ែត្រ ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារ ដែលបានចុះចតនោះ។
ដោយឡែកកូនឧទ្ធម្ភាគចក្រ Ingenuity គឺសម្រាប់ធ្វើតេស្តហោះហើរ ក្នុងបរិយាកាសដ៏ស្តើងនៃភពអង្គារ (ស្មើមិនដល់ ១% នៃកម្រាស់បរិយាកាសផែនដី) ដើម្បីធ្វើការគូសវាសទីតាំងភូមិសាស្ត្រសំខាន់ៗ ជាជំនួយដល់បេសកកម្ម Perseverance។
គួរបញ្ជាក់ថា សម្រាប់គោលដៅចុងក្រោយរបស់ Perseverance ដែលជាការជីកយកគំរូតាងជាដុំថ្ម និងកម្ទេចដីពីភពអង្គារ រួចវេចខ្ចប់យ៉ាងត្រឹមត្រូវ ដើម្បីដឹកជញ្ជូនមកកាន់ភពផែនដីវិញនោះ គឺអង្គការ NASA ត្រូវការកិច្ចសហការជាមួយអឺរ៉ុប ដែលនឹងកើតឡើងយ៉ាងឆាប់បំផុត នៅឆ្នាំ២០៣១៕