(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកថ្មីៗចំនួន ១៨ករណីបន្ថែមទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ។
បើតាមក្រសួងសុខាភិបាលវៀតណាម ករណីឆ្លងថ្មីៗខាងលើទាំងអស់ ត្រូវបានរាយការណ៍ចេញពីខេត្ត Hai Duong ភាគខាងជើងប្រទេស ជាទីដែលវីរុសកូរ៉ូណា (COVID-19) បានឆ្លងរាលដាលខ្លាំងបំផុត សម្រាប់រលកថ្មីនៅប្រទេសវៀតណាម។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២,៣៤៧ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងអ្នកជាសះស្បើយ ១,៦០៥នាក់៕