(អាស៊ាន)៖ រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និងឥណ្ឌូនេស៊ី បង្ហាញការជឿជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាអាស៊ាន អាចដើរតួយ៉ាងសំខាន់ក្នុងការជំរុញកិច្ចចរចា និងការវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកម្ភៈ ឆ្នាំ២០២១។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានជួបជាមួយសមភាគី លោក Vivian Balakrishnan នៅប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ បានជជែកគ្នាអំពីជំហានបន្ទាប់ ដែលអាចនឹងកើតមានសម្រាប់អាស៊ាន ដើម្បីដោះស្រាយស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអោង សានស៊ូជី ត្រូវបានផ្តួលរំលំនៅក្នុងរដ្ឋប្រហារមួយ កាលពីថ្ងៃទី ១ ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍បាននិយាយថា «ពួកគេក៏បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានក្រៅផ្លូវការមួយ ជុំវិញបញ្ហារបស់មីយ៉ាន់ម៉ា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ការផ្លាស់ប្តូរទស្សនៈប្រកបដោយលក្ខណៈស្ថាបនា និងកំណត់ផ្លូវដែលអាចឆ្ពោះទៅមុខបាន»។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស្រី Retno Marsudi ធ្វើឡើង បន្ទាប់ពីលោកស្រីបានជួបជាមួយស្តេចប្រ៊ុយណេ Sultan Hassanal Bolkiah កាលពីថ្ងៃពុធ ដើម្បីជំរុញឲ្យប្រទេសជាប្រធានអាស៊ានមួយនេះ គាំទ្រការសន្ទនាក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន ស្តីពីមីយ៉ាន់ម៉ា។ ប្រទេសម៉ាឡេស៊ីក៏បានអំពាវនាវឲ្យមានការប្រជុំពិសេសមួយផងដែរ៕