(តិចសាស់)៖ អាកាសធាតុចុះត្រជាក់យ៉ាងខ្លាំង នៅទូទាំងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានបន្តអូសបន្លាយដល់ថ្ងៃទី៦ ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ (ពេលវេលានៅអាមេរិក) ហើយវាស្ថានភាពអាក្រក់បែបនេះ ត្រូវបានគេព្យាករណ៍ថានឹងបន្តទៅមុខទៀត រហូតដល់ចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

កំឡុងការកើតមានបាតុភូតនេះ មនុស្សយ៉ាងហោច ២១នាក់ បានបាត់បង់ជីវិតនៅក្នុងរដ្ឋតិចសាស់ ហើយវាក៏បានបង្កឲ្យប្រជាជនអាមេរិកជាង ៤លាននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់ផងដែរ នៅរដ្ឋភាគខាងត្បូងនេះ។ យោងតាមទីភ្នាក់ងារឧតុនិយមរបស់សហរដ្ឋអាមេរិក បាតុភូតនេះនឹងបន្តយ៉ាងហោចណាស់ ទៅដល់ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា បញ្ហាអាកាសធាតុត្រជាក់ដល់កកខាងលើ បានបង្កឲ្យភាពរាំងស្ទះដល់ សកម្មភាពចម្រាញ់ប្រេងរបស់រដ្ឋតិចសាស់ ដែលទទួលបន្ទុកធំគួរសមប្រចាំសហរដ្ឋអាមេរិក ហើយបានបង្ខំឲ្យទីតាំងផលិតប្រេង និងឧស្ម័នធម្មជាតិជាច្រើនកន្លែងបិទទ្វារ នៅទូទាំងរដ្ឋតិចសាស់។ ភាពរាំងស្ទះនៅតិចសាស់ ក៏បានបង្កផលប៉ះពាល់ដល់ការផលិតថាមពល នៅឯប្រទេសម៉ិចស៉ីកូ ដែលពឹងផ្អែកលើការនាំចូលធនធាន ថាមពលពីរដ្ឋរបស់អាមេរិកមួយនេះ ថែមទៀតផង៕