(ហ៊្សកហ្ស៉ី)៖ នាយករដ្ឋមន្រ្តីប្រទេសហ៊្សកហ្ស៉ីលោក ចចជី ហ្គាខារៀ (Giorgi Gakharia) នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា លោកសម្រេចលាលែងពីតួនាទីហើយ ដោយសារតែបញ្ហាមិនចុះសម្រុងគ្នាជាមួយរដ្ឋាភិបាលលោកផ្ទាល់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោកនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការដែលរូបលោកបានសម្រេចចុះចេញពីមុខតំណែងបែបនេះ គឺដោយសារតែបញ្ហាខ្វែងគំនិតគ្នា ជាមួយរដ្ឋាភិបាលលោកផ្ទាល់ ជុំវិញការអនុវត្តដីការបស់តុលាការដែលបង្គាប់ឲ្យចាប់ខ្លួន អ្នកនយោបាយប្រឆាំងម្នាក់ដែលលេចធ្លោម្នាក់គឺ លោក នីកាន័រ មេលៀ (Nikanor Melia)។

គួរបញ្ជាក់ថា លោក ហ្គាខារៀ ត្រូវបានជ្រើសតាំងឲ្យកាន់មុខតំណែងជានាយករដ្ឋមន្រ្តីកាលពីខែកញ្ញា ឆ្នាំ២០១៩ ជំនួសអតីតនាយករដ្ឋមន្រ្តី លោក ម៉ាមូកា បាកថាហ្សេ (Mamuka Bakhtadze) ដែលបានលាលែងពីតួនាទី៕