(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍នេះ អាជ្ញាធរថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន១៥០ករណីថែមទៀត ខណៈវេជ្ជបណ្ឌិតថៃម្នាក់បានបាត់បង់ជីវិត ក្រោយឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើដែលត្រូវបានរាយការណ៍ មាន១៤២ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង០៨ករណីជាករណីឆ្លង ដែលនាំចូលមកពីក្រៅប្រទេស។ ករណីឆ្លងភាគច្រើនត្រូវបានរកឃើញនៅខេត្ត Samut Sakhon ដែលមាន៨៨ករណី ហើយបន្ទាប់មកគឺ ខេត្ត Pathum Thani ដែលមាន៤៥ករណី។ ចំណែករាជធានីបាងកក ក៏ត្រូវបានរកឃើញប៉ុន្មានករណីផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លងសរុបនៃជំងឺ COVID-19 ចំនួន២៥,១១១ករណី ក្នុងនោះអ្នកជាសះស្បើយឡើងវិញ មាន ២៣,៩៤៦នាក់ និង ១,០៨៣នាក់ទៀតកំពុងបន្តទទួលបានការព្យាបាល។ ចំណែកចំនួនអ្នកស្លាប់វិញបានកើនដល់៨៣នាក់ ក្រោយពី វេជ្ជបណ្ឌិតថៃម្នាក់ ដែលឆ្លងជំងឺនេះទើបតែបាត់បង់ជីវិត នៅថ្ងៃព្រហស្បតិ៍នេះ ហើយវាជាករណីដំបូងដែល COVID-19 បានឆក់យកជីវិត គ្រូពេទ្យនៅក្នុងប្រទេសថៃ៕