Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ដូណាល់ ត្រាំ ថ្លែងក្នុងកិច្ចសម្ភាសន៍ដំបូង៖ «ខ្ញុំពិតជាចង់នៅស្ងៀមស្ងាត់បន្តិច តែមិនមែនស្ងៀមស្ងាត់រហូតទេ» ​​​​(Video inside)

18-02-2021 11:51

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញខ្លួននៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយជាលើកដំបូងបំផុត ចាប់តាំងពីលោកចាកចេញពីសេតវិមាន ខណៈមានការរំពឹងជាច្រើនថា លោកអាចនឹងប្រកាសចូលរួមឈរឈ្មោះ ជាបេក្ខជនប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Newsmax TV នៅថ្ងៃពុធសប្ដាហ៍នេះ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជាការពិតណាស់ ខ្ញុំពិតជាចង់នៅស្ងៀមស្ងាត់បន្តិច... ប៉ុន្តែមិនមែនស្ងៀមស្ងាត់រហូតនោះទេ»។ លោក ត្រាំ ក៏បានលើកឡើងពីគោលនយោបាយខ្លះៗរបស់លោក ចូ បៃដិន ជាពិសេសពាក់ព័ន្ធនឹងវ៉ាក់សាំង ព្រមបានទាំងរិះគន់ បណ្ដាញទំនាក់ទំនងសង្គមអាមេរិកផងដែរ ដោយលោកសំដៅលើ Twitterត្រង់ៗថា កំពុងតាមដានរឿងគ្រប់យ៉ាង ដែលជាហេតុធ្វើឱ្យ ប្រជាជនអាមេរិករាប់លាននាក់ឈប់ប្រើ Twitter ដោយសារតែវារំខានខ្លាំងពេក។ លោក ត្រាំ បានបន្ថែមទៀតថា លោកមិនចង់ត្រឡប់ទៅប្រើ Twitter វិញឡើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Twitter, Facebook, Instagram និង Youtube បានបិទគណនីរបស់លោក ដូណាល់ ត្រាំ ចេញពីបណ្ដាញទំនាក់ទំនងសង្គមរបស់ពួកគេ បន្ទាប់ពីលោកធ្វើការអត្ថាធិប្បាយមួយចំនួន ដែលត្រូវបានគេចោទថា ជាការញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក សម្រុកចូលវាយប្រហារលើវិមានសភា កាលពីថ្ងៃទី០៦ ខែមករា ដែលបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់៕