(បាងកក)៖ លោក Anotin Charnverakul ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃនៅថ្ងៃពុធនេះបានធានាថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុនចិន Sinovac នឹងមកដល់ប្រទេសថៃ ដោយចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ នេះបើយោងតាមចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី១៧ ខែកម្ភៈ ឆ្នាំ២០២១។
នៅថ្ងៃទី២ នៃការជជែកដេញដោលគ្នានៅក្នុងសភា លោក Anotin បានប្រាប់សមាជិកសភាថា ការបញ្ជូនវ៉ាក់សាំងចិនក្នុងជំហានទី១ គ្រោងនឹងទៅដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈ បន្ទាប់មកលើកទី២ នឹងមកដល់នៅខែក្រោយ និងលើកទីប៣នៅខែមេសា។
ឧបនាយករដ្ឋមន្រ្តីរូបនេះ ក៏បានបញ្ជាក់ផងដែរថា វ៉ាក់សាំង AstraZeneca ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនឱសថក្នុងស្រុក Siam Bioscience នៅក្នុងប្រទេសថៃផ្ទាល់ នឹងអាចបានប្រើប្រាស់ ចាប់ពីចុងខែឧសភា ឬដើមខែមិថុនាខាងមុខ ខណៈដែលវ៉ាក់សាំងទាំងនេះ ក៏នឹងត្រូវចែកចាយដល់ប្រទេសដទៃទៀតផងដែរ ជាពិសេសសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕