(បាងកក)៖ ក្រសួងឌីជីថលប្រទេសថៃនៅថ្ងៃពុធនេះ បានចេញសេចក្តីព្រមានចំពោះប្រជាជនថៃទាំងអស់ អំពីការប្រើប្រាស់កម្មវិធីទូរស័ព្ទ ឈ្មោះថា Clubhouse ដែលមួយរយៈចុងក្រោយនេះ ត្រូវគេកត់សម្គាល់ឃើញថា បានក្លាយជាវេទិកាពិភាក្សាយ៉ាងផុសផុលអំពីរាជវង្សថៃ។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
រដ្ឋមន្រ្តីសេដ្ឋកិច្ចនិងសង្គមឌីជីថលថៃ លោក Puttipong Punnakanta បានថ្លែងថា ខាងអាជ្ញាធរបានតាមដានជាប់លើសកម្មភាពប្រើប្រាស់កម្មវិធី Clubhouse នៅក្នុងប្រទេសថៃ ហើយលោករដ្ឋមន្រ្តីបានព្រមានថា ចំណាត់ការច្បាប់អាចត្រូវធ្វើឡើងប្រឆាំងអ្នកប្រព្រឹត្តល្មើសច្បាប់ ពេលប្រើកម្មវិធីនេះ។
កម្មវិធីខាងលើទើបតែត្រូវបានបិទនៅក្នុងប្រទេសចិន ក្រោយពីប្រជាជនចិនរាប់ពាន់នាក់ បានឆ្លៀតឱកាសប្រើប្រាស់វាបានមួយរយៈពេលខ្លី ដើម្បីជជែកអំពីប្រធានបទផ្សេងៗ ដែលជារឿយៗត្រូវបានហាមឃាត់នៅទីនោះ។ យ៉ាងណាក្តី លោក Puttipong មិនបានបញ្ជាក់ច្បាស់ថា រដ្ឋាភិបាលថៃកំពុងពិចារណាបិទកម្មវិធី Clubhouse ដែរឬក៏អត់ទេ។
គួរបញ្ជាក់ថា កន្លងទៅ ថៃបានធ្វើការបង្រ្កាបសកម្មភាពរិះគន់ នៅលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមផ្សេងៗ ដូចជា Facebook, YouTube និង Twitter ជាដើម ពាក់ព័ន្ធទៅនឹងព្រះមហាក្សត្រថៃ មហា វិជ្ជិរ៉ាឡុងកន ខណៈប្រទេសអាស៊ានមួយនេះ មានច្បាប់ប្រឆាំងការប្រមាថចេស្តា ព្រះមហាក្សត្រយ៉ាងតឹងរ៉ឹងជាទីបំផុត៕