(ហុងកុង)៖ ក្រុមអ្នកវិភាគបាននិយាយថាគោលនយោបាយការបរទេសមិនអើពើ ឬមិនច្បាស់លាស់របស់សហរដ្ឋអាមេរិកចំពោះតំបន់ អាស៊ីអាគ្នេយ៍ បាននិងកំពុងរុញច្រានបណ្ដាប្រជាជាតិអាស៊ានកាន់តែច្រើនឡើង បោះដៃទៅរកចិន។ តំបន់អាស៊ីអាគ្នេយ៍បានក្លាយជាសមរភូមិ ដ៏សំខាន់មួយនៃការប្រជែងដណ្ដើមឥទ្ធិពលរវាងសហរដ្ឋអាមេរិក និងចិន ដែលកំពុងប្រជែងគ្នារឹតតែខ្លាំងទាំងខាងផ្នែកភូមិសាស្ត្រនយោបាយ, ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។
ជារឿយៗ សហរដ្ឋអាមេរិកតែងតែចោទប្រកាន់ថាការពង្រីកឥទ្ធិពលរបស់ចិន គឺជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ ប៉ុន្តែផ្ទុយទៅវិញ លោក ដាវីដ សេមបូស (David Shambaugh) ជាសាស្ត្រាចារ្យជំនាញផ្នែកសិក្សាតំបន់អាស៊ី និងជានាយកកម្មវិធីគោលនយោបាយចិនមកពីសាកលវិទ្យាល័យ ចច វ៉ាស៊ីនតោន (George Washington University) យល់ថានយោបាយការបរទេសមិនមានភាពច្បាស់លាស់របស់សហរដ្ឋអាមេរិកទៅវិញទេ ដែលរុញឱ្យបណ្ដាប្រទេសអាស៊ាន កាន់តែខិតជិតចិន។
លោកបន្ថែមថាទោះបីជាចិនកំពុងមានជម្លោះដែនទឹកជាមួយប្រទេសអាស៊ានមួយចំនួនក៏ដោយ តែបច្ចុប្បន្ន ក្នុងចំណោមប្រទេសជាសមាជិក អាស៊ានទាំង១០ មានប្រទេសចំនួន៧ទៅហើយមានទំនោរងាកទៅរកចិន ខណៈមានតែវៀតណាម សិង្ហបុរី និងហ្វីលីពីនតែប៉ុណ្ណោះដែលមើល ទៅស្និទនឹងសហរដ្ឋអាមេរិក។ «អ្វីដែលមិនអាចប្រកែកបាន នោះគឺឥទ្ធិពលរបស់ចិននៅក្នុងតំបន់មានទំហំធំ...ជាការពិតប្រទេសអាស៊ាន សុទ្ធតែចង់ឱ្យសហរដ្ឋអាមេរិកមានវត្តមានកាន់តែខ្លាំងនៅក្នុងតំបន់។ ប៉ុន្តែសហរដ្ឋអាមេរិកខ្លួនឯង នៅតែមានការស្ទាក់ស្ទើរច្រើន»។ នេះគឺជា ការកត់សម្គាល់របស់ លោក ដាវីដ សេមបូស។
លោក ដាវីដ សេមបូស កាលពីដើមខែកុម្ភៈនេះក៏បានលើកឡើងនៅក្នុងវេទិការមួយរៀបចំឡើងដោយអង្គការ Hinrich Foundation ដែរថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន មិនមានសំណុំគោលនយោបាយច្បាស់លាស់ចំពោះតំបន់អាស៊ីអាគ្នេយ៍ឡើយ ដោយចូលចិត្តធ្វើការ និង ប្រើប្រាស់យុទ្ធសាស្ត្រតាមកាលៈទេសៈ។ ពោលគឺមានន័យថាទាល់តែចិនធ្វើសកម្មភាពប៉ះពាល់ដល់ប្រយោជន៍របស់ខ្លួន ទើបអាមេរិកចេញមុខ ឬបញ្ចេញប្រតិបត្តិកម្មឆ្លើយតប ដែលនេះជាមូលហេតុមួយធ្វើឱ្យប្រទេសអាស៊ានខ្លះចាប់ផ្ដើមមើលឃើញពីនយោបាយមិនច្បាស់លាស់របស់ អាមេរិក។
ទំហំពាណិជ្ជកម្មប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងអាស៊ានមានរហូតដល់៦០០ពាន់លានដុល្លារ ឬជិតស្មើនឹងពាក់កណ្ដាលនៃទំហំពាណិជ្ជកម្ម របស់ប្លុកមួយនេះជាមួយចិន ហើយក្រុមហ៊ុនអាមេរិកច្រើនជាង៤,២០០ក្រុមហ៊ុន កំពុងប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងវិញទៀត បើតាមលោក សេមបូស ការវិនិយោគសរុបរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់មានទំហំធំជាងចិន ជប៉ុន និងកូរ៉េខាងត្បូង រួមបញ្ចូលគ្នាទៅទៀត ដែលមានត្រឹម៣២៩ពាន់លានដុល្លារ ខណៈការវិនិយោគរបស់ចិនមានត្រឹមតែ១៣៨ពាន់លានដុល្លារប៉ុណ្ណោះ។
តែការធ្វើពាណិជ្ជកម្ម និងការវិនិយោគរបស់ចិនកាន់តែរីកធំឡើងជាពិសេស បន្ទាប់ពីការបង្កើតកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច
គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កាលពីឆ្នាំ២០២០ ដែលមានប្រទេសអាស៊ី-ប៉ាស៊ីហ្វិកចំនួន១៥ ចូលរួមក្នុងនោះរួមមានទាំងចិនផងដែរ។ សហរដ្ឋអាមេរិក នៅក្រោមការគ្រប់គ្រងនៃអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន មានទាំងកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។ ក្រោយសហរដ្ឋអាមេរិក ដកខ្លួនចេញពីកិច្ចព្រមព្រៀង TPP ប្រទេសជាសមាជិកចំនួន១១ ដែលនៅសល់បានចុះហត្ថលេខាប្ដូរឈ្មោះ កិច្ចព្រមព្រៀងនេះទៅជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។
អវត្តមានរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចព្រមព្រៀងទាំង២នេះ កាន់តែផ្ដល់ឱកាសឱ្យចិនពង្រីកឥទ្ធិពល និងលេចមុខមាត់ឡើងក្នុងនាមជា អ្នកការពារប្រព័ន្ធពហុភាគីនិយមប្រឆាំងនឹងប្រព័ន្ធគាំពារនិយម។ រដ្ឋបាលអាមេរិកថ្មីក្រោមការដឹកនាំដោយលោក ចូ បៃដិន បានសន្យាថានឹង ត្រឡប់ចូលកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីឡើងវិញ។ ក៏ប៉ុន្តែក្រុមមន្ត្រីអាមេរិកមួយចំនួននៅតែមានការសង្ស័យ និងព្រួយបារម្ភខ្លាចក្រែង ការត្រឡប់ចូលកិច្ចព្រមព្រៀងទាំងនោះអាចនឹងជំរុញឱ្យក្រុមហ៊ុនអាមេរិកធំៗ សម្រុកដំឡើងរោងចក្រនៅក្រៅស្រុក ដែលនេះអាចនឹងធ្វើឱ្យ ប៉ះពាល់ដល់កិច្ចខិតខំបង្កើតការងារនៅក្នុងស្រុករបស់លោក ចូ បៃដិន។
គួរបញ្ជាក់ថា ក្រៅពីលោក ដាវីដ សេមបូស លោក វ៉ាង គុនវ៉ូ (Wang Gungwu) ជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិសិង្ហបុរី និងជាអ្នកជំនាញលើប្រវត្តិសាស្ត្រចិន និងតំបន់អាស៊ីអាគ្នេយ៍ ក៏យល់ឃើញផងដែរថាចិនសមនឹងទទួលបានទំនាក់ទំនងសេដ្ឋកិច្ចល្អដែលខ្លួន មានជាមួយអាស៊ានបូកបី ដែលបង្កើតឡើងក្នុងគោលដៅលើកកម្ពស់ពាណិជ្ជកម្មរួមបញ្ចូលទាំងជប៉ុន កូរ៉េខាងត្បូង និងចិន។
លោកបន្ថែមថាបើទោះជា ប្រទេសអាស៊ានមួយចំនួនមានជម្លោះដែនទឹកជាមួយចិន ឬព្រួយបារម្ភពីឥទ្ធិពលចិនក្នុងតំបន់ក៏ដោយ តែពួកគេនៅ តែទទួលស្គាល់ដដែលថាការដោះស្រាយបញ្ហាជាប្រយោជន៍រួមនៅក្នុងតំបន់រួមគ្នា គឺវាប្រសើរជាងដោះស្រាយបញ្ហាតែម្នាក់ឯង៕
ប្រភព៖ SCMP