(រ៉ង់ហ្គូន)៖ នៅក្នុងសារអេឡិចត្រូនិចមួយ ឆ្លើយតបទៅនឹងសំនួរពីបណ្ដាសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ ស្ថានទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានជំរុញឱ្យគណបក្សនយោបាយទាំងអស់ នៅក្នុងប្រទេសអាស៊ានមួយនេះ ចូលរួមក្នុងកិច្ចសន្ទនា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ហើយក៏បានឆ្លើយតបនឹងពាក្យចចាមអារ៉ាម នៅលើបណ្ដាញទំនាក់ទំនងសង្គមដែលចោទចិនថា កំពុងជួយយោធាមីយ៉ាន់ម៉ាផងដែរ។
ខាងក្រោមនេះ គឺជាការដកស្រង់ចម្លើយរបស់ស្ថានទូតចិន ឆ្លើយតបនឹងសំនួរបណ្ដាសារព័ត៌មាននានា៖
*សំនួរទី១៖ តើចិនយល់ឃើញដូចម្ដេច ចំពោះស្ថានការណ៍បច្ចុប្បន្ននៅមីយ៉ាន់ម៉ា?
ចម្លើយ៖ ក្នុងនាមជាមិត្តជិតខាងរបស់មីយ៉ាន់ម៉ា ចិនពិតជាមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្វីដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ។ យើងបានដឹងពីជម្លោះនៅក្នុងស្រុក ពាក់ព័ន្ធនឹងការបោះឆ្នោត តែយើងមិនបានដឹងមុនពីការផ្លាស់ប្ដូរនយោបាយនៅក្នុង ប្រទេសមីយ៉ាន់ម៉ាឡើយ។
ទាំងគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) និងយោធា គឺនៅតែរក្សាទំនាក់ទំនងមិត្តភាពជាមួយចិន។ អ្វីដែលបានកើតឡើងនៅមីយ៉ាន់ម៉ា មិនមែនជាអ្វីដែលចិនចង់បាន ឬចង់ឃើញនោះទេ ហើយយើងសង្ឃឹមថា គណបក្សនយោបាយទាំងអស់របស់មីយ៉ាន់ម៉ា អាចនឹងដោះស្រាយការខ្វែងគំនិតគ្នា ដោយផ្អែកលើរដ្ឋធម្មនុញ្ញ និងច្បាប់ ព្រមទាំងរក្សាបាននូវសិ្ថរភាពនយោបាយ និងសង្គម។
ចិនគំាទ្រកិច្ចខិតខំសម្របសម្រួលដោយអាស៊ាន និងបេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា ខណៈចិនក៏កំពុងដើរតួនាទី ប្រកបដោយលក្ខណៈស្ថាបនាផងដែរ ដើម្បីចូលរួមចំណែកលើកកម្ពស់សន្តិភាព និងកិច្ចសន្ទនាជាស្នូល។ មីយ៉ាន់ម៉ាចង់បានការផ្សះផ្សាជាតិ និងឯកភាពជាតិ មិនមែនការប្រឈមមុខដាក់គ្នា ឬការបែកបាក់នោះទេ ហើយយើងជឿជាក់ថា នេះក៏ជាអ្វីដែលប្រជាជនមីយ៉ាន់ម៉ាទាំងអស់ ប្រាថ្នាចង់បានដែរ។
* សំនួរទី២៖ ប្រជាជនមីយ៉ាន់ម៉ា បានដឹកនាំចលចលមួយប្រឆាំងរដ្ឋប្រហារ ហើយបានប្រមូលផ្ដុំគ្នានៅខាងមុខស្ថានទូតចិន ប្រចាំប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជាច្រើនថ្ងៃ? តើស្ថានទូតចិនបានអ្វីឆ្លើយតបដែរឬទេ?
ចម្លើយ៖ យើងយល់ពីសេចក្ដីប្រាថ្នារបស់ប្រជាជន ហើយយើងក៏បានលើកឡើងផងដែរពីសំណើទាំងនេះ នៅពេលយើងជំរុញឱ្យមានកិច្ចសន្ទនា រវាងគណបក្សនយោបាយទាំងអស់នៅមីយ៉ាន់ម៉ា។ បច្ចុប្បន្នមីយ៉ាន់ម៉ា កំពុងប្រឈមមុខនឹងស្ថានការណ៍ក្នុងស្រុកដ៏ពិបាកមួយ ដែលអាចនឹងធ្វើឱ្យការប្រឈមមុខដាក់គ្នា កាន់តែតានតឹងឡើង។ យើងសង្ឃឹមថា គណបក្សទាំងអស់អាចនឹងរក្សាភាពស្ងៀមស្ងាត់ និងមានការអត់ធ្មត់ ដើម្បីទប់ស្កាត់កុំឱ្យជម្លោះ ឬភាពតានតឹងធ្ងន់ធ្ងរផ្ទុះឡើង។ នៅក្រោមកាលៈទេសៈបច្ចុប្បន្ន អំពើហិង្សាគួរតែត្រូវបានបញ្ចៀស ហើយសិទ្ធិជាមូលដ្ឋានរបស់ប្រជាជន ក៏គួរតែត្រូវបានការពារផងដែរ។
* សំនួរទី៣៖ តើអ្នកយល់ឃើញយ៉ាងណា ចំពោះទំនាក់ទំនងបច្ចុប្បន្នរវាងចិន និងមីយ៉ាន់ម៉ា?
ចម្លើយ៖ ការផ្លាស់ប្ដូរស្ថានភាពនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការផ្ទៃក្នុងរបស់ពួកគេ ហើយវានឹងមិនជះឥទ្ធិពលដល់ទំនាក់ទំនងរវាងមីយ៉ាន់ម៉ា ជាមួយបណ្ដាប្រទេសជិតខាងរបស់ខ្លួននោះទេ។ យើងតែងគិតគូពីផលប្រយោជន៍ នៃប្រជាជនប្រទេសទាំងពីរជាសំខាន់។ ជាឧទាហរណ៍ អាជ្ញាធរចិន និងរដ្ឋាភិបាលក្នុងតំបន់ បានជំនះលើឧបសគ្គជាច្រើន ដើម្បីរក្សាស្ថិរភាពពាណិជ្ជកម្មតាមតំបន់ព្រំដែន។ នៅក្នុងឧទាហរណ៍ផ្សេងទៀត ចិន និងមីយ៉ាន់ម៉ា បានដឹកនាំក៏ដូចជាដាក់ចេញវិធានការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាត COVID-19 យ៉ាងមានប្រសិទ្ធភាព ខណៈប្រទេសទាំងពីរបាន និងកំពុងពិភាក្សាគ្នា លើវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនមីយ៉ាន់ម៉ា។
ដូច្នេះយើងជំទាស់ជាដាច់ខាតរាល់ការប៉ុនប៉ង ប្រើប្រាស់កិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា ដើម្បីកិច្ចសហប្រតិបត្តិការមិត្តភាពរវាងចិន និងមីយ៉ាន់ម៉ា។
* សំនួរទី៤៖ តើអ្នកដោះស្រាយពាក្យចចាមអារ៉ាម នៅលើបណ្ដាញទំនាក់ទំនងសង្គម ដែលអះអាងដូចខាងក្រោមនេះដូចម្ដេច? ទី១៖ ចិនបានបញ្ជូនយន្ដហោះដឹកអ្នកបច្ចេកទេស ទៅកាន់មីយ៉ាន់ម៉ា, ទី២៖ ចិនកំពុងជួយយោធាមីយ៉ាន់ម៉ាបង្កើត Firewall Server? ទី៣៖ កងទ័ពចិនបានលេចមុខនៅតាមដងផ្លូវមួយចំនួន ក្នុងប្រទេសមីយ៉ាន់ម៉ា?
ចម្លើយ៖ វាគឺជារឿងប្រឌិតទាំងស្រុង និងជាការចោទប្រកាន់គួរឱ្យអស់សំណើច។ យន្ដហោះទាំងនោះ គ្រាន់តែជាយន្ដហោះដឹកជញ្ជូនធម្មតារវាងចិន និងមីយម៉ាន់ម៉ាតែប៉ុណ្ណោះ ដែលបានកាត់បន្ថយជើងហោះហើរពី ១៥-១៨ជើងក្នុងមួយថ្ងៃ មកនៅត្រឹម ០៥ជើងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយសារតែការឆ្លងរាតត្បាត COVID-19។ យន្ដហោះទាំងនោះ បានដឹកជញ្ជូនគ្រឿងសមុទ្រ និងទំនិញនាំចេញជាច្រើនទៀត ពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន។
ចិនគឺជាទីផ្សារនាំចេញនាំចូលដ៏សំខាន់សម្រាប់វិស័យកសិកម្ម និងផលិតផលជលផលរបស់មីយ៉ាន់ម៉ា។ ដូច្នេះយើងសង្ឃឹមថា ពាក្យចចាមអារ៉ាមទាំងនោះ នឹងមិនកើតឡើងជាថ្មីទៀតឡើយ។ យើងពិតជាសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនមីយ៉ាន់ម៉ាអាចបែងចែកការពិត និងការភូតកុហក ដែលមានចេតនានយោបាយ ដើម្បីបញ្ចៀសការបំផ្លាញមិត្តភាព រវាងប្រជាជនទាំងពីរប្រទេស៕
ប្រភព៖ សារព័ត៌មាន Myanmar Times (ថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១)