Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មហាយក្សចិនក្លាយជា «ដៃគូពាណិជ្ជកម្មធំបំផុត» របស់សហភាពអឺរ៉ុប កាលពីឆ្នាំ២០២០ ​​​​(Video inside)

17-02-2021 12:06

(អឺរ៉ុប)៖ ទីភ្នាក់ងារស្ថិតិអឺរ៉ុប អឺរ៉ូស្តេត (Eurostat) បានឲ្យដឹងថា កាលពីឆ្នាំ២០២០កន្លងទៅនេះ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្ម ធំជាងគេបំផុតរបស់សហភាពអឺរ៉ុប (EU) ជាមួយការនាំចេញ និងការនាំចូលសុទ្ធតែបានកើនឡើងយ៉ាងវិជ្ជមាន បើទោះបីជាពិភពលោកទាំងមូល បានប្រឈមនឹងវិបត្តិ COVID-19 យ៉ាងធ្ងន់ធ្ងរកាលពីឆ្នាំ២០២០ក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Business Standard នៅរសៀលថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមទីភ្នាក់ងារ Eurostat ដដែល ការនាំចូលរបស់ EU ពីប្រទេសចិនពេញមួយឆ្នាំ២០២០ បានកើនឡើង ៥.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដោយបានលោតដល់ ៣៨៣.៥ពាន់លានអឺរ៉ូ ឬស្មើនឹង ៤៦៥ពាន់លានដុល្លារអាមេរិក។ រីឯការនាំចេញរបស់ EU ទៅកាន់ចិនវិញ បានកើន ២.២ភាគរយ ដោយបានឡើងដល់ ២០២.៥ពាន់លានអឺរ៉ូ ឬស្មើនឹង ២៤៤.៨ពាន់លានដុល្លារអាមេរិក។

បើតាមក្រុមអ្នកជំនាញ លទ្ធផលខាងលើនេ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពរឹងមាំ និងសារសំខាន់ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក៏ដូចជាពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប។ ដោយឡែក ស្របពេលដែលទំនាក់ទំនងពាណិជ្ជកម្មចិន-អឺរ៉ុប មានសន្ទុះកើនឡើង ការជួញដូរទំនិញរបស់ EU ជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់តែជាដៃគូធំបំផុតរបស់អឺរ៉ុបយូរឆ្នាំមកហើយនោះ គឺបានមើលឃើញការថយចុះគួរឲ្យកត់សម្គាល់ ទាំងទៅលើការនាំចេញ និងការនាំចូល៕