សហរដ្ឋអាមេរិក៖ ព្យុះព្រិលទឹកកកដ៏កម្រមាន កំពុងវាយប្រហាររដ្ឋតិចសាស់, ប្រជាជន៤.៤លាននាក់ គ្មានអគ្គិសនីប្រើប្រាស់ (Photo inside)
17-02-2021 11:27
(តិចសាស់)៖ ព្យុះព្រិលទឹកកកដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ បានធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំង ខុសពីធម្មតានៅរដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យប្រជាជនអាមេរិករាប់លាននាក់ ត្រូវដាច់ចរន្តអគ្គិសនី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
អាជ្ញាធរនៅរដ្ឋតិចសាស់បានរងការរិះគន់ ដោយសារតែបណ្តាញផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់រដ្ឋនេះ ពុំអាចបំពេញតម្រូវការបានគ្រប់គ្រាន់ នៅចំពោះមុខការធ្លាក់ព្រិល និងទឹកកកដ៏ខ្លាំងក្លា ដែលជាហេតុបង្កឲ្យមានការដាច់អគ្គិសនីនៅពាសពេញរដ្ឋ។ អភិបាលទីក្រុងហ៊ូស្តុន លោក ស៊ីវែស្ទើ ធើណឺ (Sylvester Turner) នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រាប់ថា ប្រជាជន ១.៣លាននាក់នៅទីក្រុងលោក គ្មានអគ្គិសនីប្រើប្រាស់ឡើយ ហើយគិតនៅទូទាំងរដ្ឋតិចសាស់វិញ គឺប្រហែល ៤.៤លាននាក់គ្មានអគ្គិសនីប្រើប្រាស់។
គួរបញ្ជាក់ថា ស្ថានភាពចុះត្រជាក់ខ្លាំងនេះ មិនមែនកើតឡើងតែនៅរដ្ឋតិចសាស់នោះទេ ដោយរដ្ឋដទៃទៀតរបស់អាមេរិក ដូចជា ញូម៉ិចស៊ីកូ (New Mexico) និងរដ្ឋ ណេប្រាស្កា (Nebraska) ជាដើម សុទ្ធតែកំពុងទទួលរងឥទ្ធិពលនេះដូចគ្នា ជាមួយសីតុណ្ហភាពចុះដល់កម្រិត -៣៥អង្សាសេក៏មានដែរ ហើយបើតាមការព្យាករណ៍ អាកាសធាតុនឹងបន្តបែបនេះច្រើនថ្ងៃទៀត នៅតំបន់ភាគខាងត្បូង និងភាគឦសានសហរដ្ឋអាមេរិក៕