(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦៣,៣៩៨នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៧៨៧នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,៣៨១,២២០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៩៩,៩៩១នាក់ និងជាសះស្បើយឡើងសរុប ១៨,៤៧៩,៤១៨នាក់។ នេះគឺជាលើកដំបូងហើយ។
គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិក ប្រសិនបើអាចទៅរួច។ បន្ថែមពីនេះលោក ចូ បៃដិន ក៏បានប្តេជ្ញាចាក់វ៉ាក់សាំង COVID-19 ឲ្យដល់ប្រជាជនអាមេរិកទាំងអស់ជាង ៣៣០លាននាក់ផងដែរ តាមរយៈការជំរុញចង្វាក់ផលិតកម្មនៃវ៉ាក់សាំង៕