(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ចំនួនករណីឆ្លង COVID-19 ថ្មីៗដែលបានរាយការណ៍នៅទូទាំងពិភពលោក បានធ្លាក់ចុះ ១៦ភាគរយកាលពីសប្តាហ៍មុន មកនៅត្រឹម ២.៧លានករណីក្នុងមួយសប្តាហ៍ ខណៈអត្រាស្លាប់វិញ ក៏បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
អង្គការ WHO បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ នៃការឆ្លងរាតត្បាត COVID-19 ប្រចាំសប្ដាហ៍ថា ចំនួនអ្នកស្លាប់ដោយសារ COVID-19 ថ្មីៗក៏បានធ្លាក់ចុះមកនៅត្រឹម ៨១,០០០នាក់ក្នុងមួយសប្តាហ៍ផងដែរ ដោយវាជាការធ្លាក់ចុះ ១០% បើធៀបនឹងសប្តាហ៍មុនមួយទៀត។
តំបន់ចំនួន ៥ ក្នុងចំណោមតំបន់ចំនួន ៦ ដែលត្រូវបានកំណត់ដោយអង្គការ WHO នៅលើពិភពលោក បានរាយការណ៍ពីការធ្លាក់ចុះភាគរយទ្វេដង នៃករណីឆ្លង និងស្លាប់ដោយសារ COVID-19 ដោយមានតែតំបន់ភាគខាងកើត នៃសមុទ្រមេឌីទែរ៉ាណេប៉ុណ្ណោះ ដែលបង្ហាញពីការកើនឡើង ៧ភាគរយ។
ចំនួនករណីឆ្លង COVID-19 ថ្មីៗបានធ្លាក់ចុះ ២០ភាគរយកាលពីសប្តាហ៍មុននៅទ្វីបអាហ្វ្រិក និងនៅតំបន់ប៉ាស៊ីហ្វិកខាងលិច, ១៨ភាគរយនៅទ្វីបអឺរ៉ុប, ១៦ភាគរយនៅទ្វីបអាមេរិក និង ១៣ភាគរយនៅតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា បើតាមប្រធានអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ចំនួនករណីឆ្លង COVID-19 ថ្មីៗបានធ្លាក់ចុះជាបន្តបន្ទាប់ អស់រយៈពេល ០៥សប្តាហ៍ជាប់ៗគ្នា ដោយបានធ្លាក់ចុះជិតពាក់កណ្តាលពីចំនួនច្រើនជាង ៥លានករណីនៅក្នុងសប្តាហ៍ទី ៤ នៃខែមករាកន្លងទៅនេះ។ ទិន្នន័តនេះពិតជាបង្ហាញថា វិធានការសុខភាពសាធារណៈមានប្រសិទ្ធិភាព បើទោះបីជាមានវត្តមាននៃវីរុសកូរ៉ូណា (COVID-19) បំប្លែងខ្លួនថ្មីក៏ដោយ៕