(ហ្សេរុយសាឡឹម)៖ អ៉ីស្រាអែលប្រហែលជានឹងមិនចូលរួម ក្នុងយុទ្ធសាស្ត្រដោះស្រាយបញ្ហានុយក្លេអ៊ែរអ៉ីរ៉ង់ របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នោះទេ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់វិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
អគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំសហរដ្ឋអាមេរិក លោក ជីឡេដ អឺដាន (Gilad Erdan) បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុកងទ័ពអ៉ីស្រាអែល នៅថ្ងៃអង្គារនេះ។ លោក Gilad Erdan បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងនឹងមិនអាចចូលរួម ក្នុងយុទ្ធសាស្ត្រណាមួយនោះឡើយ បើសិនជាសហរដ្ឋអាមេរិក ត្រឡប់ចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់វិញ... ហើយអ្វីដែលពួកយើងចង់បាន នោះគឺការដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ព្រមទាំងយុទ្ធសាស្រ្តយោធាតឹងរ៉ឹង ប្រឆាំងនឹងអ៉ីរ៉ង់»។
គួរបញ្ជាក់ថា រដ្ឋបាលអាមេរិកថ្មីរបស់លោក ចូ បៃដិន បានសន្យាថា សហរដ្ឋអាមេរិកនឹងត្រឡប់ចូលក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥វិញ ប្រសិនអ៉ីរ៉ង់អនុវត្តតាម កិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។ ប៉ុន្តែទន្ទឹមគ្នា លោក បៃដិន ក៏បានអះអាងដែរថា អាមេរិកនឹងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា មុននឹងធ្វើការសម្រេចចិត្តណាមួយ៕