ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «ក្រុមបាតុករនាំគ្នាបិទ ផ្លូវរថភ្លើងទៅ-មកទីក្រុងរ៉ង់ហ្គូន, UN ព្រមានចំពោះការប្រើអំពើហិង្សា» (Video inside)
16-02-2021 16:03
(រ៉ង់ហ្គូន)៖ ក្រុមបាតុករនៅមីយ៉ាន់ម៉ានាថ្ងៃអង្គារនេះ បាននាំគ្នារារាំងបណ្តាញខ្សែរថភ្លើង ដែលធ្វើដំណើរទៅមករវាងទីក្រុងរ៉ង់ហ្គូន និងទីក្រុងមួយទៀតនៅភាគខាងត្បូង ខណៈដែលពួកគេនៅតែបន្តសកម្មភាពតវ៉ា ប្រឆាំងនឹងការធ្វើរដ្ឋប្រហាររបស់យោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
យោងតាមរូបភាពពីប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់ គេឃើញក្រុមបាតុករនាំគ្នា ទៅប្រមូលផ្តុំលើផ្លូវរថភ្លើងមួយខ្សែ ដើម្បីបញ្ឈប់សេវាធ្វើដំណើររវាងទីក្រុងរ៉ង់ហ្គូន និងទីក្រុង ម៉រឡាម៉ាយីន (Mawlamyine)។ ពួកគេបានលើកគ្រវីបដាតវ៉ា និងស្រែកទាមទារឲ្យមានការដោះលែងលោកស្រី អោង សាន ស៊ូ ជី ដែលត្រូវបានយោធាចាប់ឃុំខ្លួន។ ក្រៅពីនេះទៀត ក្រុមបាតុករក៏បានប្រមូលផ្តុំគ្នាតវ៉ា នៅទីក្រុងរ៉ង់ហ្គូនផ្ទាល់ផងដែរ។
គួរបញ្ជាក់ថា ទោះបីជាយោធាទើបតែបានដាក់ពង្រាយរថពាសដែក និងកងកម្លាំងទាហានបន្ថែម នៅតាមទីក្រុងធំៗយ៉ាងណាក្តី ក៏ប្រជាជនមីយ៉ាន់ម៉ា ហាក់នៅតែបន្តយុទ្ធនាការរបស់ពួកគេ ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហាររបស់យោធា កាលពីថ្ងៃទី០១ ខែកុម្ភៈ និងទាមទារឲ្យយោធាដោះលែងលោកស្រី ស៊ូ ជី និងអ្នកឯទៀតៗ។ ទន្ទឹមគ្នានេះ អង្គការសហប្រជាជាតិ (UN) ក៏បានចេញមុខព្រមានយោធាមីយ៉ាន់ម៉ា ចំពោះការបង្រ្កាបដោយហិង្សា ទៅលើក្រុមបាតុករផងដែរ៕