(គូឡាឡាំពួរ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូយីដឌីន យ៉ាសស៉ីន (Muhyiddin Yassin) នឹងទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាថ្មី (COVID-19) រួមជាមួយក្រុមបុគ្គលដែលកំពុងប្រយុទ្ធប្រឆាំងជួរមុខ ជាមួយនឹងវីរុសដ៏កាចសាហាវនេះនៅថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២១ ដែលជាថ្ងៃដំបូងនៃការអនុវត្តកម្មវិធីចាក់វ៉ាក់សាំងនៅប្រទេសម៉ាឡេស៉ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
លោក Muhyiddin បានធ្វើសេចក្តីប្រកាសខាងលើនៅក្នុងសុន្ទរកថាមួយ តាមទូរទស្សន៍នៅនាព្រឹកថ្ងៃអង្គារនេះ។ នាឱកាសនោះ លោកបាន និយាយថា «ខ្ញុំមានសេចក្តីរីយរាយនឹងប្រកាសថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិកនិងអាល្លឺម៉ង ហ្វាយហ្សឺ-បាយអនថិច (Pfizer-BioNTech) នឹងមកដល់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។ លើសពីនេះទៅទៀត ការអនុវត្តកម្មវិធីចាក់វ៉ាក់សាំង COVID-19 នៅទូទាំងប្រទេស នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ជាពេលដែលរូបខ្ញុំព្រមទាំងក្រុមបុគ្គលជួរមុខនឹងទទួលបានការចាក់វ៉ាក់សាំងនេះ»។
លោក Muhyiddin បានគូសបញ្ជាក់បន្ថែមថា កម្មវិធីចាក់វ៉ាក់សាំង COVID-19 នេះ នឹងត្រូវធ្វើឡើងបីដំណាក់កាល ដែលដំណាក់កាលដំបូង នឹងមានការចូលរួមពីក្រុមបុគ្គលិកជួរមុខ ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ខែមេសា ឆ្នាំ២០២១។ គេរំពឹងថា ក្នុងដំណាក់កាលនេះ ប្រជាជនប្រហែល ៥០ម៉ឺននាក់ នឹងទទួលបានការចាក់វ៉ាក់សាំង។
រីឯដំណាក់កាលទីពីរ នឹងមានការចូលរួមពីក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុសនេះ ដូចជាក្រុមមនុស្សចាស់ជរា និងក្រុមមនុស្សដែលមានជំងឺរ៉ាំរ៉ៃ។ វានឹងប្រព្រឹត្តិទៅចាប់ពីខែមេសា ឆ្នាំ២០២១ រហូតដល់ខែសីហា ឆ្នាំ២០២១ ខណៈដំណាក់កាលទីបី នឹងមានការចូលរួមពីក្រុមមនុស្សពេញវ័យទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ហើយនឹងប្រព្រឹត្តទៅចាប់ពីខែឧសភា ឆ្នាំ២០២១ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២២។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសម៉ាឡេស៉ី បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៦៦,៤៤៥ករណី ក្នុងនោះមានអ្នកស្លាប់ ៩៧៥នាក់ និងអ្នកជាសះស្បើយ ២១៨,៣៣៥នាក់៕