(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា ក្រុមអ្នកជំនាញអន្តរជាតិ ដែលបានបំពេញបេសកកម្មស្រាវជ្រាវ ដើម្បីស្វែងរកប្រភពដើមនៃវីរុសកូវីដ-១៩ នៅឯទីក្រុងវូហាននៃប្រទេសចិន គឺជាក្រុមអ្នកជំនាញមួយ ដែលមានឯករាជ្យពេញលេញ និងមិនស្ថិតក្រោមឥទ្ធិពលស្ថាប័នណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
អគ្គនាយកអង្គការ WHO លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ថ្លែងតាមរយៈវីដេអូសន្និសីទព័ត៌មានមួយ ចេញពីទីក្រុងហ្សឺណែវថា «ខ្ញុំលឺជាដដែលៗថា នេះជាការស៉ើបអង្កេត ឬការសិក្សាស្រាវជ្រាវរបស់អង្គការសុខភាពិភពលោក (WHO) ប៉ុន្តែវាមិនមែននោះទេ»។ ប្រមុខ WHO បានសង្កត់ធ្ងន់ថា នេះគឺជាការស្រាវជ្រាវស៉ើបអង្កេតឯករាជ្យមួយ ដែលមានការចូលរួមពីបុគ្គលឯករាជ្យមកពីស្ថាប័នចំនួន១០។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រុមអ្នកជំនាញអន្តរជាតិខាងលើ បានបិទបញ្ចប់ការស៉ើបអង្កេតជិតរយៈពេល១ខែរបស់ពួកគេ នៅទីក្រុងវូហាន និងបានផ្តល់សេចក្តីសន្និដ្ឋានក្នុងសន្និសីទសារព័ត៌មានមួយនៅឯប្រទេសចិន ដែលច្រានចោលនូវការសង្ស័យដែលថា វីរុស COVID-19 ពីដំបូងបំផុតគឺបានធ្លាយចេញពីមន្ទីរពិសោធន៍នៅវូហាន ពោលគឺវាឆ្លងពីសត្វមកមនុស្ស ប៉ុន្តែមិនទាន់អាចកំណត់ច្បាស់ថា ជាសត្វអ្វីទេ៕