(វ៉ាស៉ីនតោន)៖ ក្រោយការធ្វើដំណើរក្នុងទីអវកាសអស់រយៈពេល ០៧ខែ គ្រឿងយន្ត ភើសេវើរែនស៍ (Perseverance) របស់អង្គការ NASA កំពុងត្រៀមរៀបចំ ដើម្បីទម្លាក់ខ្លួនចុះចតទៅលើផ្ទៃភពអង្គារ (Mars) នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះហើយ (ពេលវេលានៅសហរដ្ឋអាមេរិក) ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
គ្រឿងយន្ត Perseverance ត្រូវបានកសាងឡើងដោយមន្ទីរស្រាវជ្រាវ JPL របស់ NASA ដោយវាមានទម្ងន់មួយតោន និងធំជាងគ្រឿងយន្តនានា ដែលអង្គការ NASA ធ្លាប់បញ្ជូនទៅកាន់ភពអង្គារនាពេលកន្លងមក។ វាមានដៃយន្តមួយប្រវែង ០២ម៉ែត្រ ព្រមទាំងកាមេរ៉ារហូតដល់ទៅ ១៩គ្រឿង និងឧបករណ៍ស្រូបសំឡេង ០២គ្រឿងផងដែរ។ អ្វីដែលពិសេសបន្ថែមទៀតនោះ កូនឧទ្ធម្ភាគចក្រឈ្មោះ អ៊ីនចិននូអ៉ីធី (Ingenuity) ដែលខាំជាប់តួខ្លួន Perseverance ក៏នឹងត្រូវទៅដល់ជាមួយគ្នាផងដែរ។
គួរបញ្ជាក់ថា នៅវេលាម៉ោងប្រមាណជា ០៨៖៥៥នាទីយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ដែលត្រូវនឹងម៉ោង ០៣៖៥៥នាទីទាបភ្លឺថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ (ពេលវេលានៅកម្ពុជា) កង់ទាំង ០៦របស់គ្រឿងយន្ត Perseverance នឹងចុះទៅប៉ះផ្ទៃដីភពអង្គារនៅត្រង់រណ្តៅ ចេហ្សេរ៉ូ (Jezero) ស្ថិតនៅអឌ្ឍគោលខាងជើងភពក្រហមនេះ។ អង្គការ NASA មានផ្កាយរណបកំពុងគោចរ ជុំវិញភពអង្គារស្រាប់ទៅហើយដូចជា មេវែន (MAVEN) និង MRO ជាដើមដែលកំពុងដំណើរការល្អនៅឡើយ។
ចំណែកបេសកកម្មចិន Tianwen-1 ដែលកំពុងស្ថិតនៅគន្លងគោចរជុំវិញភពអង្គារទៅហើយនោះ នឹងទម្លាក់គ្រឿងយន្តប្រភេទ Rover របស់ខ្លួន ឲ្យចុះចតនៅលើផ្ទៃភពក្រហមនោះ នៅក្នុងខែឧសភាខាងមុខ ក្រោយការជ្រៀតចូលគន្លងគោចរជុំវិញភពអង្គារដោយជោគជ័យ កាលពីសប្តាហ៍មុន។ សម្រាប់បេសកកម្ម Al-Amal របស់អេមីរ៉ាត់អារ៉ាប់រួមវិញ ក៏បានជ្រៀតចូលគន្លងគោចរជុំវិញភពអង្គារដោយជោគជ័យផងដែរ កាលពីថ្ងៃទី០៩ ខែកុម្ភៈ ប៉ុន្តែវាត្រូវការពេលប៉ុន្មានសប្តាហ៍ទៀត ដើម្បីតេស្តដំណើរការនៃឧបករណ៍សំំខាន់ៗ នៅលើខ្លួនផ្កាយរណប Al-Amal នោះ៕