(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានបិទប្រព័ន្ធអ៉ិនធើណិត ពីរយប់ជាប់ៗគ្នាមកទល់នឹងថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបង្រ្កាប និងទប់ស្កាត់បាតុកម្មតវ៉ា ដែលកំពុងផ្ទុះឡើងនៅទូទាំងប្រទេស បន្ទាប់ពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល របស់លោកស្រី អោង សាន ស៊ូ ជី ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។
ការសម្រេចបន្តបិទប្រព័ន្ធអ៉ីនធើណិត ធ្វើឡើងត្រឹមរយៈពេលខ្លីប៉ុណ្ណោះ បន្ទាប់ពីទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV បានចេញផ្សាយថា អគ្គមេបញ្ជាយោធាលោក មីន អោង ហ្លេង បានដាក់ចេញច្បាប់ថ្មីមួយ ពាក់ព័ន្ធនឹងប្រព័ន្ធទូរគមនាគមន៍ ហើយដែលច្បាប់នេះត្រូវបានបកស្រាយលម្អិត នៅថ្ងៃអង្គារនេះ។ យោធាមីយ៉ាន់ម៉ា បានកាត់ផ្ដាច់ប្រព័ន្ធទូរស័ព្ទដៃ និងបិទអ៉ីនធើណិត ដើម្បីរារាំងកុំឱ្យក្រុមបាតុករធ្វើការរៀបចំ និងប្រមូលកម្លាំងធ្វើបាតុកម្មតវ៉ា ខណៈរពាសដែក រថក្រោះ និងកងទ័ព ត្រូវបានដាក់ពង្រាយបន្ថែម ទៅកាន់ទីក្រុងជាច្រើននៅទូទាំងប្រទេស។
បើតាមអង្គការណេតប្លក់ស៍ (NetBlocks) ដែលជំនាញខាងតាមដានការផ្ដាច់ប្រព័ន្ធអ៉ីនធើណិត នៅជុំវិញពិភពលោក ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានឲ្យដឹងថា ការកាត់ផ្ដាច់ប្រព័ន្ធអ៉ីនធើណិតមួយទៀតនៅថ្ងៃអង្គារនេះ បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ា រឹតតែគ្មានសេវាអ៉ីនធើណិតប្រើប្រាស់។
អង្គការ NetBlocks បានបង្ហោះសារនៅលើគណនី Twitter របស់ខ្លួនថា ប្រទេសមីយ៉ាន់ម៉ា កំពុងស្ថិតនៅក្នុងការកាត់ផ្ដាច់ប្រព័ន្ធអ៉ីនធើណិត រយៈពេលសរុបជិត ២យប់ជាប់ៗគ្នា គិតត្រឹមម៉ោង ០១៖០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ (ម៉ោងរ៉ង់ហ្គូន)។
គួរបញ្ជាក់ថា ការកាត់ផ្ដាច់ប្រព័ន្ធអ៉ីនធើណិតនេះ បានកើតមានឡើងបន្ទាប់ពីក្រុមបាតុករ ធ្វើបាតុកម្មប្រឆាំងនឹងការធ្វើរដ្ឋប្រហារ របស់យោធាមីយ៉ាន់ម៉ា ដែលពួកគេបានប្រមូលផ្ដុំគ្នា នៅតាមដងផ្លូវនៅក្នុងទីក្រុងរ៉ង់ហ្គូន ដើម្បីអំពាវនាវឲ្យដោះលែងលោកស្រី អោង សាន ស៊ូ ជី និងសមាជិកនៃរដ្ឋាភិបាល របស់លោកស្រីផ្សេងទៀតដែលកំពុងជាប់ឃុំ៕