Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រោយលោក ដូណាល់ ត្រាំ រួចផុតពីក្តីក្តាំ គណបក្សសាធារណរដ្ឋប្រឈមមុខ នឹងការបែកបាក់ ​​​​(Video inside)

15-02-2021 11:52

(វ៉ាស៊ីនតោន)៖ មួយថ្ងៃបន្ទាប់ពីអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់ និងការកាត់ទោសនៅក្នុងព្រឹទ្ធសភា គណបក្សសាធារណរដ្ឋត្រូវបានគេមើលឃើញថា កំពុងប្រឈមមុខនឹងការបែកបាក់ និងការតស៊ូដើម្បីរក្សាដួងព្រលឹងរបស់គណបក្ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបោះឆ្នោតសម្រេចឱ្យអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រួចខ្លួនពីការចោទប្រកាន់ និងការកាត់ទោសជាលើកទីពីរ ទោះបីជាមានសមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋ ០៧រូប បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតទម្លាក់ក៏ដោយ។ ការសម្រេចចិត្តរបស់ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋទាំង ០៧រូបនេះ ត្រូវបានក្រុមអ្នកតាមដាននយោបាយអាមេរិកយល់ឃើញថា គណបក្សអភិរក្សនិយមមួយនេះ កំពុងប្រឈមមុខនឹងការបែកបាក់ ជុំវិញឥទ្ធិពលរបស់លោក ត្រាំ ដែលនៅតែបន្តមាននៅក្នុងគណបក្ស។

អភិបាលរដ្ឋ ម៉ារីឡេនដ៍ (Maryland) មកពីគណបក្សសាធារណរដ្ឋ និងជាអ្នករិះគន់លោក ត្រាំ ម្នាក់ផងដែរគឺលោក ឡារី ហូហ្គាន (Larry Hogan) បាននិយាយនៅក្នុងបទសម្ភាសន៍ CNN ថា អ្វីៗនៅមិនទាន់បញ្ចប់នោះទេ ហើយការប្រយុទ្ធតស៊ូដើម្បីដួងព្រលឹង នៃគណបក្សសាធារណរដ្ឋ នឹងកើតឡើងយ៉ាងពិតប្រាកដ។

គួរបញ្ជាក់ថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ០៧រូប បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីចោទប្រកាន់ និងកាត់ទោសលោក ដូណាល់ ត្រាំ ពីបទញុះញង់ឱ្យក្រុមកុបករគាំទ្ររូបលោក វាយប្រហារលើវិមានសភាកាលពីថ្ងៃទី០៦ ខែមករា កន្លងទៅ ដែលបណ្ដាលឱ្យមនុស្ស ០៥នាក់ស្លាប់។ ប៉ុន្តែពួកគេនៅតែបរាជ័យក្នុងការ រកឱ្យបានសំឡេង ២ ភាគ ៣ ដើម្បីអាចកាត់ទោសលោក ត្រាំ ព្រោះព្រឹទ្ធសភាបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ៥៧ ទល់នឹងសំឡេងជំទាស់ ៤៣៕