(ឌូបៃ)៖ រូបថតភពអង្គារមួយសន្លឹកដំបូង ពីគ្រឿងយន្ត អាល់អាម៉ាល់ (Al-Amal) ត្រូវបានអង្គការអវកាសរបស់អេមីរ៉ាត់អារ៉ាប់រួម (UAE) បញ្ចេញជាផ្លូវការឲ្យពិភពលោកបានឃើញ។ នេះបើតាមការដកស្រង់ ចេញពីសារព័ត៌មាន BBC នាព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
រូបថតមានពណ៌ធម្មជាតិនៃភពអង្គារ បង្ហាញឲ្យឃើញពីតំបន់ខែលភ្នំភ្លើង ដែលមានអតីតភ្នំភ្លើងចំនួន ០៣ ស្ថិតនៅបណ្តាក់គ្នា ស្ថិតនៅអឌ្ឍគោលខាងជើងភពអង្គារ។ រូបភពអង្គារដំបូងរបស់អារ៉ាប់នេះ ត្រូវបានថតកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងរយៈកម្ពស់ ២៤,៧០០គីឡូម៉ែត្រ ពីភពអង្គារ និយាយរួមទៅគឺមួយថ្ងៃ ក្រោយពីវាបានបន្ទាបខ្លួន និងជ្រៀតចូលក្នុងគន្លងគោចរ ជុំវិញភពអង្គារដោយជោគជ័យ។
គួរបញ្ជាក់ថា បេសកកម្ម Al-Amal ត្រូវការពេលរាប់សប្តាហ៍ទៀតដើម្បីបញ្ជាក់ថា ឧបករណ៍គ្រប់យ៉ាងនៅលើខ្លួនវា នៅដំណើរការជាធម្មតាដែរ ឬមួយក៏យ៉ាង។
ផ្កាយរណប Al-Amal នឹងចំណាយពេល ៦៨៧ថ្ងៃ (រយៈពេលលើផែនដី) ដែលស្មើនឹងរយៈពេលមួយឆ្នាំនៅភពអង្គារ ដើម្បីសិក្សាស្វែងយល់បែបស៊ីជម្រៅ អំពីស្រទាប់បរិយាកាស និងអាកាសធាតុរបស់ភពក្រហមនេះ៕