ទីបំផុតប្រទេសហ្គីណេប្រកាសជាផ្លូវការ ពីការឆ្លងរាតត្បាតសាជាថ្មីនៃជំងឺ Ebola បន្ទាប់ពីមនុស្ស៤នាក់ស្លាប់ (Video inside)
15-02-2021 09:10
(ហ្គីណេ)៖ ប្រទេសហ្គីណេស្ថិតនៅតំបន់អាហ្វ្រិកខាងលិច បានប្រកាសជាផ្លូវការ ពីការឆ្លងរាលដាលសាជាថ្មីនៃជំងឺអេបូឡា (Ebola) បន្ទាប់ពីមនុស្សយ៉ាងហោច ០៤នាក់ បានស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងសុខាភិបាលហ្គីណេ កាលពីថ្ងៃអាទិត្យបានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់ដោយសារជំងឺអេបូឡាទាំង ០៤នាក់ មានម្នាក់គឺជាគិលានុដ្ឋាយិកា ដែលបានធ្លាក់ខ្លួនឈឺ និងស្លាប់ កាលពីចុងខែមករាកន្លងទៅ ហើយត្រូវបានបញ្ចុះកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅនេះ។ ក្រោយមកទៀត នៅក្នុងចំណោមអ្នកដែលបានចូលរួម ពិធីបញ្ចុះសពគិលានុដ្ឋាយិកានេះ ស្រាប់តែមាន ០៣នាក់បានឆ្លង និងស្លាប់ដោយសារជំងឺអេបូឡា ខណៈ ០៤នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
ទោះជាកំពុងជាប់ដៃប្រយុទ្ធជាមួយ COVID-19 ក៏ដោយ ក៏រដ្ឋាភិបាលហ្គីណេ និងអង្គការសុខភាពពិភពលោក (WHO) បានអះអាងថា ពួកគេបានត្រៀមលក្ខណៈយ៉ាងល្អ ដើម្បីដោះស្រាយការឆ្លងរាលដាលនៃជំងឺអេបូឡា បានល្អប្រសើរជាង ០៥ឆ្នាំមុន ពីព្រោះតែភាពជឿនលឿន ក្នុងការអភិវឌ្ឍវ៉ាក់សាំង។
គួរបញ្ជាក់ថា ករណីស្លាប់ដោយជំងឺអេបូឡា នៅក្នុងប្រទេសហ្គីណេ គឺជាករណីស្លាប់នៃជំងឺដ៏កាចសាហាវនេះ ជាលើកដំបូងបំផុត ក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ចាប់តាំងពីឆ្នាំ២០១៦។ ជំងឺមួយនេះបានឆ្លងរាតត្បាតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ដោយបានផ្ដាច់ជីវិតមនុស្ស ១១,៣០០នាក់ នៅទូទាំងតំបន់អាហ្រ្វិកខាងលិច៕