(ប៉េកាំង)៖ ចិន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង តបតទៅនឹងសហរដ្ឋអាមេរិក ក្រោយសេតវិមាន ចោទប្រកាន់ថាទីក្រុងប៉េកាំង លាក់បាំង និងបដិសេធផ្ដល់ព័ត៌មានប្រកបដោយ តម្លាភាព ដល់ក្រុមអ្នកស៊ើបអង្កេតស្វែងរកប្រភពដើម COVID-19 របស់អង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា សហរដ្ឋអាមេរិក ពិតជាព្រួយបារម្ភជាខ្លាំង ពីមធ្យោបាយស៊ើបអង្កេតរកប្រភពដើម COVID-19 និងការប្រមូលព័ត៌មាន ហើយដើម្បីយល់កាន់តែច្បាស់ពីជំងឺដ៏កាចសាហាវមួយនេះ ព្រមទាំងត្រៀមខ្លួនសម្រាប់ជំងឺឆ្លង ដទៃទៀត ចិន គួរតែបញ្ចេញទិន្នន័យទាំងឡាយរបស់ខ្លួន ចាប់តាំងពីការឆ្លងរាតត្បាតដំបូង។
ជាការឆ្លើយតប ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានសង្កត់ធ្ងន់ថាសហរដ្ឋអាមេរិកខ្លួនឯង គឺជាអ្នកបំផ្លាញកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆំាង COVID-19 តែបែរជាទម្លាក់ កំហុសលើអ្នកដទៃ ដែលកំពុងគាំទ្រ WHO យ៉ាងពេញទំហឹង ទៅវិញ។ ស្ថានទូតចិនបន្ថែមថា ខណៈស្វាគមន៍ការត្រឡប់ចូល WHO របស់សហរដ្ឋមេរិក ចិនសង្ឃឹមថាអាមេរិក នឹងធ្វើខ្លួនឲ្យថ្លៃថ្នូរ ព្រមទាំងមានភាពទទួលខុសត្រូវ តាមរយៈការគាំទ្រ ហើយធ្វើការជាមួយ WHO ដោយសកម្មភាពជាក់ស្ដែង និងចូលរួមចំណែកលើ កិច្ចសហប្រតិបត្តិការអន្តរជាតិប្រយុទ្ធប្រឆំាង COVID-19។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា របាយការណ៍សង្ខេប និងរបាយការណ៍ពេញលេញ អំពីដំណើរទស្សនកិច្ចស្វែងរក ប្រភពនៃវីរុសកូរ៉ូណាថ្មី (COVID-19) នឹងត្រូវបញ្ចេញនៅក្នុងពេលឆាប់ៗ។ នៅក្នុងការសន្និដ្ឋានបឋមរបស់ពួកគេ COVID-19 គឺមានប្រភពមកពីសត្វ ឆ្លងទៅមនុស្ស ពោលគឺទំនងជាមិនមែនលេចធ្លាយ ចេញពីមន្ទីរពិសោធន៍មួយ ក្នុងទីក្រុងវូហាន ដូចដែលអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ ធ្លាប់លើកឡើងនោះទេ៕